លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបពិភាក្សាការងារ ជាមួយលោក Masahiro MIKAMI ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុន ប្រចាំកម្ពុជា នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច។
លោក អូន ព័ន្ធមុនីរ័ត្ន បានថ្លែងថា រាជរដ្ឋាភិបាលជប៉ុន គ្រោងនឹងផ្តល់នូវហិរញ្ញប្បទានឥតសំណង ប្រមាណ១៨ លានដុល្លារអាមេរិក ជូនរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការផ្តល់ជាឧបករណ៍ សម្ភារ និងបរិក្ខារពេទ្យ ជូនក្រសួងសុខាភិបាល សម្រាប់ទប់ស្កាត់ និងបង្ការជំងឺកូវីដ-១៩ នៅកម្ពុជា។
លោកឯកអគ្គរាជទូត MIKAMI Masahiro បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ រាជរដ្ឋាភិបាលកម្ពុជា ដែលបានចាត់វិធានការយ៉ាងល្អប្រសើរ ក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ រដ្ឋាភិបាលជប៉ុន នឹងបន្តផ្តល់ជំនួយបច្ចេកទេស, ហិរញ្ញប្បទានឥតសំណង ជាពិសេស ប្រាក់កម្ចីឥណទានសម្បទានផងដែរ សម្រាប់ជួយគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹង ជំងឺកូវីដ-១៩ និងស្តារសម្បទាសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីការរងផលប៉ះពាល់ ដោយសារជំងឺកូវីដ-១៩។
លោកឯកអគ្គរាជទូត Masahiro MIKAMI ក៏បានជម្រាបអំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រវាងប្រទេសទាំងពីរ កម្ពុជា-ជប៉ុន ដែលបាននាំមកនូវ សមិទ្ធផល ប្រកបដោយផ្លែផ្កាជាច្រើន ទាំងក្នុងវិស័យសាធារណៈ និងវិស័យឯកជន។
ផ្អែកតាមស្មារតី នៃកិច្ចប្រជុំកំពូលអាស៊ានបូក៣ ស្តីពីជំងឺកូវីដ-១៩ កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០កន្លងទៅ រដ្ឋាភិបាលជប៉ុន បានបង្ហាញនូវជំហរ ជួយដល់បណ្តាប្រទេស ក្នុងតំបន់អាស៊ានក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលក្នុងនោះ ក៏មានប្រទេ សកម្ពុជាផងដែរ។ជាក់ស្តែង, ក្នុងពេលដ៏ឆាប់ខាងមុខនេះ រដ្ឋាភិបាលជប៉ុន គ្រោងនឹងបន្តផ្តល់នូវហិរញ្ញប្បទានឥតសំណង សម្រាប់គម្រោងចំនួន២ មានទឹកប្រាក់សរុបប្រមាណ ២,៥០១ លានយ៉េនជប៉ុន ត្រូវជាប្រមាណ២២.៧៣លានដុល្លារអាមេរិក សម្រាប់គាំទ្រដល់វិស័យអប់រំ និងសុខាភិបាល៕SP