ភ្នំពេញ ៖ លោក Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំកម្ពុជា បានថ្លែងថា រដ្ឋាភិបាល អូស្ដ្រាលី នឹងបន្ដជួយឧបត្ថម្ភគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការ ប្រយុទ្ធប្រឆាំងនឹងជំងឺ កូវីដ-១៩ តាមរយៈការផ្ដល់ហិរញ្ញប្បទានឥតសំណាង សម្រាប់អនុវត្តគម្រោងនានា។យោងតា មសេចក្ដីប្រកាសព័ត៌មាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ក្នុងជំនួបពិភាក្សាការងារជាមួយលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ ២០២០ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច លោក Pablo Kang បានវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលមកទល់ពេលនេះ សម្រេចបានលទ្ធផលល្អប្រសើរក្នុងការបង្ការ និងទប់ស្កាត់ការរីរាលដាល់នៃជំងឺ កូវីដ-១៩។

លោក មានប្រសាសន៍ថា «រដ្ឋាភិបាលអូស្ដ្រាលី នឹងបន្ដជួយឧបត្ថម្ភគាំទ្រដល់រាជរដ្ឋាភិបាល កម្ពុជា ក្នុងការប្រយុទ្ធ ប្រឆាំងនឹងជំងឺនេះ តាមរយៈការផ្ដល់ហិរញ្ញប្បទានឥតសំណាង សម្រាប់អនុវត្តគម្រោង ឬកម្មវិធីនានា ដែលជួយកែលម្អគុណភាពនៃសេវាសុខាភិបាល លើកកម្ពស់សន្ដិសុខស្បៀង និងកែល្អជីវភាពរបស់ប្រជាជន ជាពិសេស ប្រជាជននៅជនបទ អ្នកបាត់បង់ការងារនៅក្រុង ស្ដ្រីរងគ្រោះដោយសារអំពើហឹង្សា»។

លោកបន្ថែមថា ក៏មានគម្រោងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធនៅជនបទផងដែរ មានដូចជា ប្រព័ន្ធធារាសាស្ដ្រ បណ្ដាញទឹកស្អាត និងបណ្ដាញចែកចាយអគ្គិសនី ជាដើម។

ជាការឆ្លើយតប លោក អូន ព័ន្ធមុនីរ័ត្ន បានសម្ដែងនូវអំណរគុណចំពោះ រដ្ឋាភិបាលអូស្ដ្រាលី ដែលបន្ដជួយគាំទ្រដល់រាជរដ្ឋាភិបាលលម្ពុជា ក្នុងគ្រាដ៏លំបាកនេះ និងបានចូលរួមយ៉ាង សកម្ម និងទាន់ពេលវេលាក្នុងបេសកកម្មប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺ កូវីដ-១៩ នៅកម្ពុជា។

លោករៀបរាប់ថា ជាក់ស្ដែង រាជរដ្ឋាភិបាលកម្ពុជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាននិងកំពុងយកចិត្តដាក់ខ្ពស់លើជីវភាពរស់នៅរបស់ប្រជាជន ក៏ដូច ស្ថានភាពនៃធុរកិច្ច រួមទាំងវិនិយោគពីបរទេស ដែលកំពុងទទួលរងគ្រោះដោយសារជំងឺកូវីដ-១៩ នៅកម្ពុជា។ 

លោកបន្តថា ក្រសួងសេដ្ឋកិច្ច មានសេចក្តីសោមនស្សរីករាយ ក្នុងការសហការជាមួយ ដៃគូអភិវឌ្ឍន៍នានា ដើម្បីកៀរគរធនធានហិរញ្ញវត្ថុសម្រាប់អនុវត្ត គោលនយោបាយ ប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩, ទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ច, និងគាំពារសង្គម ជាពិសេស ផ្តោតលើការជួយដល់ប្រជាជនក្រីក្រ និងជនងាយរងគ្រោះ៕ E B

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ