ឥណ្ឌា៖ ក្រុមមន្ត្រី​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ត្រាក់ទ័រ​សណ្តោង​រ៉ឺម៉ក​មួយគ្រឿង​របស់​កសិដ្ឋាន​មាន​ដឹក​មនុស្ស​ច្រើន​នាក់​បាន​ក្រឡាប់ និង​ធ្លាក់​ចូលទៅក្នុង​ស្រះ​ទឹក​មួយ​ នៅ​ភាគ​ខាងជើង​ប្រទេស​ឥណ្ឌា​បណ្តាល​ឲ្យ​មនុស្ស ២៦​នាក់​ស្លាប់​ដែល​ភាគច្រើន​ជា​ស្ត្រី និង​កុមារ​។

​ស្នងការ​នគរបាល​លោក Tej Swaroop Singh បាន​និយាយថា ត្រាក់ទ័រ​សណ្តោង​នេះ​មាន​ដឹក​មនុស្ស​ប្រមាណ ៤០នាក់​ត្រឡប់​មកពី​ពិធី​មួយ​នៅ​ព្រះវិហារ​ហិណ្ឌូ​ក្នុង​តំបន់​ក្បែរ​នោះ ហើយ​អ្នកស្លាប់​ភាគច្រើន​គឺ​ដោយសារ​លង់ទឹក​។ ​យ៉ាងហោចណាស់​មនុស្ស ១០​នាក់​ផ្សេងទៀត​បាន​រងរបួស​នៅក្នុង​ឧបទ្ទវហេតុ​នៅក្នុង​តំបន់ Ghatampur ទីក្រុង​Kanpur ចម្ងាយ​ប្រហែល ១០០​គីឡូម៉ែត្រ​ពីរដ្ឋ Uttar Pradesh​។ មូលហេតុ​នៃ​គ្រោះថ្នាក់​នេះ​កំពុង​ស្ថិត​ក្រោម​ការស៊ើបអង្កេត​។​

 

​នាយករដ្ឋមន្ត្រី​លោក Narendra Modi បាន​សរសេរ​លើ​បណ្តាញ ​Twitter នូវ​សារ​រំលែក​ទុក្ខ​ថា «​មានទុក្ខ​ដោយ​ឧប្បត្តហេតុ​ត្រាក់ទ័រ​សណ្តោង​នៅ​ទីក្រុង Kanpur។ វា​ជា​ឧបទ្ទវហេតុ​លើក​ទី២ ​ក្នុង​រយៈពេល​បី​ថ្ងៃ​ចុងក្រោយ​នេះ ​ដែល​ត្រាក់ទ័រ​ដឹក​មនុស្ស​ក្រឡាប់​បណ្តាល​ឲ្យ​​មនុស្ស​យ៉ាងតិច​ ១២​នាក់​ស្លាប់​។

សូមបញ្ជាក់ថា​ ​ឥណ្ឌា​ជា​ប្រទេស​ដែលមាន​អត្រា​មរណៈភាព​តាម​ដងផ្លូវ​ខ្ពស់បំផុត​នៅ​លើ​ពិភពលោក ដោយ​មាន​មនុស្ស​រាប់សែននាក់​បាន​ស្លាប់ និង​រងរបួស​ជា​រៀងរាល់ឆ្នាំ​។ គ្រោះថ្នាក់​ភា​គច្រើន​ត្រូវ​បាន​ដាក់​កំហុស​លើ​ការបើកបរ​មិន​ប្រុងប្រយ័ត្ន ការថែទាំ​ផ្លូវ​មិនល្អ និង​យានយន្ត​ចាស់ៗ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ