បរទេស៖ ក្រសួងការបរទេសឥណ្ឌាបាននិយាយកាលពីថ្ងៃពុធថា ខ្លួនមានការព្រួយបារម្ភអំពីច្បាប់ថ្មីដែលបានអនុម័តដោយប្រទេសចិនកាលពីសប្តាហ៍មុន ដើម្បីពង្រឹងការការពារព្រំដែនចំពេលមានការប្រឈមមុខគ្នាផ្នែកយោធាដ៏រ៉ាំរ៉ៃរវាងប្រទេសយក្សអាស៊ីទាំងពីរនៅតាមព្រំដែនហិម៉ាឡៃយ៉ាន (Himalayan) ។

កាលពីថ្ងៃសៅរ៍ ប្រទេសចិនបានអនុម័តច្បាប់ពិសេសមួយដែលបញ្ជាក់អំពីរបៀបដែលខ្លួនគ្រប់គ្រង និងការពារព្រំដែនគោកប្រវែង ២២.០០០ គីឡូម៉ែត្រ (ប្រហែល ១៤.០០០ ម៉ាយល៍) ដែលចែករំលែកជាមួយប្រទេសជិតខាងចំនួន ១៤ រួមទាំង រុស្ស៊ី កូរ៉េខាងជើង ដែលមានសមត្ថភាពនុយក្លេអ៊ែរ និងឥណ្ឌា។

អ្នកនាំពាក្យក្រសួងការបរទេស លោក Arindam Bagchi បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "ការសម្រេចចិត្តឯកតោភាគីរបស់ប្រទេសចិនក្នុងការនាំមកនូវច្បាប់ដែលអាចមានផលប៉ះពាល់លើការរៀបចំទ្វេភាគីដែលមានស្រាប់របស់យើងលើការគ្រប់គ្រងព្រំដែន ក៏ដូចជាបញ្ហាព្រំដែន គឺជាការព្រួយបារម្ភចំពោះយើង" ។

ព្រំដែនប្រវែង ៣.៥០០ គីឡូម៉ែត្រ រវាងឥណ្ឌានិងចិន នៅមិនទាន់កំណត់ព្រំដែននៅឡើយ ហើយប្រទេសជិតខាងប្រដាប់អាវុធនុយក្លេអ៊ែរបានទាមទារត្រួតស៊ីគ្នាលើតំបន់ធំៗនៃទឹកដីតាមបណ្តោយព្រំដែន។ យ៉ាងណាមិញ ប្រទេសទាំងពីរបានធ្វើសង្គ្រាមតាមព្រំដែននៅ ឆ្នាំ១៩៦២។

កងទ័ពឥណ្ឌា និងចិន រាប់ពាន់នាក់ ក៏នៅតែប្រមូលផ្តុំនៅតាមព្រំដែនភ្នំហិម៉ាឡៃយ៉ាន ដាច់ស្រយាលក្នុងតំបន់ Ladakh ជាកន្លែងដែលយោធាទាំងពីរត្រូវបានជាប់គាំងនៅក្នុងការប្រឈមមុខដាក់គ្នាខ្លាំងក្លា ចាប់តាំងពីឆ្នាំមុន បើទោះបីជាមានការចរចារជាច្រើនដងក៏ដោយ។

ជាងនេះទៀតសោដ លោក Arindam Bagchi ក៏បាននិយាយផងដែរថា "យើងក៏រំពឹងថា ប្រទេសចិននឹងជៀសវាងការធ្វើសកម្មភាពក្រោមលេសនៃច្បាប់នេះ ដែលអាចផ្លាស់ប្តូរជាឯកតោភាគីនូវស្ថានភាពនៅក្នុងតំបន់ព្រំដែនឥណ្ឌា-ចិន"។ NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ