ស្ត្រីចំនួន៣នាក់ ត្រូវបានគេជាន់ដល់ស្លាប់ អំឡុងការរត់ជាន់គ្នាមួយនៅពេលមានការចែកប្រាក់៨ដុល្លារ ក្នុងទីក្រុង Colombo កាលពីថ្ងៃព្រហស្បតិ៍ ចំពេលមានភាពអស់សង្ឃឹមកាន់តែខ្លាំងឡើងក្នុងចំណោមប្រជាជនស្រីលង្កា ដែលកំពុងជួបការលំបាកក្នុងការរកប្រាក់ចិញ្ចឹមជីវិតអំឡុងការបិទប្រទេស ដោយសារវីរុសកូរ៉ូណាដែលបានបំផ្លាញសេដ្ឋកិច្ច។

សមាជិកសភាក្នុងតំបន់ឈ្មោះ Mujibur Rahman បាននិយាយថា មនុស្សប្រហែល ១០០០នាក់បានតម្រង់ជួរនៅខាងក្រៅឃ្លាំងរបស់ពាណិជ្ជករម្នាក់ សម្រាប់ការចែកប្រាក់តាមទម្លាប់ដែលគាត់តែងតែធ្វើឡើងអំឡុងខែតមអាហារនៃពិធីបុណ្យរ៉ាម៉ាដនរបស់អ្នកកាន់សាសនាមូស្លីម។

លោកបាននិយាយថា នៅពេលបើកទ្វារឃ្លាំង មានការប្រជ្រៀតគ្នាសម្រាប់អំណោយជាទឹកប្រាក់ចំនួន ១៥០០រូពី ពោលគឺស្មើនឹងចំនួនប្រាក់ឈ្នួលប្រចាំថ្ងៃរបស់កម្មករ។

លោក Rahman បានប្រាប់ AFP ថា “អ្នកខ្លះបានព្យាយាមបំបែកជួរហើយចូលទៅក្នុង។ នោះគឺជាពេលដែលស្ត្រីនៅជួរខាងមុខបានដួលហើយត្រូវបានគេជាន់រហូតដល់ស្លាប់”។

លោកបានបន្តថា មនុស្សប្រាំបួននាក់ផ្សេងទៀត បានរងរបួសយ៉ាងធ្ងន់ធ្ងរនៅក្នុងការរត់ជាន់គ្នានេះហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ លោកបានបន្ថែមថា មានហ្វូងមនុស្សធំជាងធម្មតានៅក្នុងព្រឹត្តិការណ៍ឆ្នាំនេះដែលបានធ្វើឡើងអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។

លោក Rahman បាននិយាយទៀតថា “ប្រជាជនមិនអាចរកប្រាក់បានច្រើនទេសម្រាប់រយៈពេលពីរខែមកនេះដោយសារតែការបិទប្រទេសដែលដាក់ចាប់តាំងពីថ្ងៃទី២០ ខែមីនាមក។ ប្រជាជនអស់សង្ឃឹម។ នៅពេលពួកគេបានលឺអំពីការបរិច្ចាគថ្ងៃនេះ មានមនុស្សជាងមួយពាន់នាក់បានមកចូលរួម”។

លោក Deshabandu Tennakoon អធិការប៉ូលិសក្រុង Colombo បានប្រាប់អ្នកយកព័ត៌មានថា អ្នកជំនួញដែលមិនត្រូវបានបញ្ចេញឈ្មោះដោយអាជ្ញាធរ និងជំនួយការ៥នាក់ របស់គាត់ត្រូវបានចាប់ខ្លួនពីបទរំលោភវិធានការបិទប្រទេស។

សូមបញ្ជាក់ថា ប្រទេសនេះមានអ្នកឆ្លងជំងឺចំនួន ១០៤៥នាក់ ដោយក្នុងនោះមានអ្នកស្លាប់ចំនួន ៩នាក់ គិតត្រឹមពេលនេះ៕SS

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ