កម្មវិធី Android មួយឈ្មោះថា "Remove China Apps” បង្កើតឡើងដោយក្រុមហ៊ុនឥណ្ឌាឈ្មោះ One Touch AppLabs បានក្លាយជាកម្មវិធីដែលពេញនិយមខ្លាំងមួយនៅឥណ្ឌា កម្មវិធី "Remove China Apps” នេះមានតួនាទីប្រាប់ថាកម្មវិធីលើទូរសព្ទដែលគេបានដំឡើងណាមួយជាកម្មវិធីចិន ហើយអាចបញ្ជាលុបកម្មវិធីនោះចេញពីទូរសព្ទ។ យ៉ាងណាក្ដីកម្មវិធីនេះមិនអាចដឹងអំពីប្រភពកម្មវិធីដែលមានដំឡើងលើទូរសព្ទរួចជាស្រេច (Pre-Installed) នោះទេ។
បើតាមការចេញផ្សាយដោយ សារព័ត៌មានចិន CNA នាព្រឹកថ្ងៃពុធ ទី០៣ ខែមិថុនា ឆ្នាំ២០២០ កម្មវិធី (App) របស់ឥណ្ឌាមួយមានឈ្មោះថា Remove China Apps នៅក្នុង App Store របស់ Google បានទទួលការដោនឡូដសរុបរហូតដល់ទៅជាង ៥លានដងហើយ តាមរយៈទិន្នន័យដែលបង្ហាញនៅលើកម្មវិធី App នោះផ្ទាល់។
ដើមចមដែលធ្វើឲ្យ App របស់ឥណ្ឌាមួយនេះ មានភាពល្បីល្បាញខ្លាំងក្នុងប្រទេសរបស់ខ្លួននោះ ក៏ព្រោះតែមួយរយៈចុងក្រោយនេះ បញ្ហាជម្លោះព្រំដែនរវាងចិន និងឥណ្ឌា នៅតំបន់ជួរភ្នំហិម៉ាល័យ កាន់តែតានតឹងខ្លាំងឡើង ហើយក្រុមជាតិនិយមជ្រុលមួយចំនួនបានបំផុសឲ្យមានការប្រឆាំង ទៅនឹងការប្រើប្រាស់រាល់ផលិតផលទាំងអស់ ដែលមានប្រភពដើមពីប្រទេសចិន៕SS