ស្ថានទូតឥណ្ឌា ស្នើសុំឲ្យធ្វើតេស្ដម្ដងទៀតលើសាច់ក្របី ដែលនាំចូលពីប្រទេសឥណ្ឌា ចំពោះការរកឃើញមេរោគកូវីដ-១៩
ស្ថានទូតឥណ្ឌា បានអះអាងថា សាច់ក្របីនេះ ត្រូវបានត្រួតពិនិត្យពីមន្ទីពិសោធន៍ឥណ្ឌា ស្របតាមស្ដង់ដារ ISO ត្រឹមត្រូវមុននឹងនាំចូលមកប្រទេសកម្ពុជា។ មួយវិញទៀត សាច់ក្របីនេះ នាំចេញមកតាមផ្លូវទឹកតាំងពីខែមេសា មកដល់កម្ពុជានៅខែកក្កដា ដែលគ្មានភ័ស្ដុតាងវិទ្យាសាស្ត្រណាបង្ហាញថា វីរុសកូវីដ-១៩ អាចរស់បានលើសម្ភារវេចខ្ចប់អាហារ និងចំណីអាហារ ក្នុងរយៈពេលជិត ៣ ខែនោះទេ។
សូមបញ្ជាក់ថា នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១នេះក្រសួងសុខាភិបាលបានបង្ហាញលទ្ធផលវិភាគ រកវីរុស SAR-CoV-2 លើសាច់ក្របីបង្កកចំនួន ៥ កុងតឺន័រ នៅទីលានផែស្ងួត ត្រីកូដ ដ្រាយផត។ លទ្ធផលវិភាគទៅលើសាច់ក្របីទាំង ៥ កុងតឺន័រ បង្ហាញថាមាន ៣ កុងតឺន័រ រកឃើញវិជ្ជមានកូវីដ១៩។
សម្រាប់សាច់ក្របីក្លាស្សេ ចំនួន ៣ កុងតឺន័រ ដែលមានផ្ទុកមេរោគកូវីដ១៩ នោះលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នឹងនាំយកមកដុតបំផ្លាញចោល ក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នៅថ្ងៃទី ២៧ ខែកក្កដានេះ៕SP