ឥណ្ឌា៖យ៉ាងហោចណាស់ មានមនុស្ស ២៦នាក់បានស្លាប់ នៅក្នុងគ្រោះទឹកជំនន់ នៅភាគខាងត្បូងប្រទេសឥណ្ឌា។ គ្រោះទឹកជំនន់នេះ បង្កឡើងដោយសារទឹកភ្លៀងជាច្រើនមេ ធ្វើឱ្យច្រាលទឹកចេញពីទន្លេ ទៅលិចផ្ទះប្រជាជន និងអ្នកភូមិ។ នេះបើតាមការចុះផ្សាយ របស់សារព័ត៌មាន BBC។
នាយករដ្ឋមន្រ្តីឥណ្ឌា ណារ៉េនដ្រាម៉ូឌី បាននិយាយថា “ វាជារឿងគួរឱ្យសោកស្តាយដែលមនុស្សជាច្រើនបានស្លាប់ដោយសារភ្លៀងធ្លាក់ខ្លាំងនិងការរអិលបាក់ដីនៅរដ្ឋKerala។
ក្នុងចំណោមអ្នកស្លាប់ទាំង២៦នាក់ ក៏មានក្មេងតូចៗចំនួន ៥នាក់ផងដែរ។ គេមានការព្រួយបារម្ភថា ចំនួនអ្នកស្លាប់អាចនឹងកើនឡើងខ្លាំងជាងនេះ ដោយសារមានមនុស្សបានបាត់ខ្លួន ហើយនៅតែរកមិនទាន់ឃើញនៅឡើយ។ផ្ទះមួយចំនួនបានរសាត់អណ្តែត ទៅតាមផ្ទៃទឹក ខណៈដែលប្រជាជនបានជាប់ នៅក្នុងស្រុក Kottayam ក្នុងរដ្ឋ Kerala។ អាជ្ញាធរ បានព្យាយាមជួយសង្គ្រោះពលរដ្ឋរបស់ខ្លួន ដោយ បានបញ្ជូន ជំនួយតាម ឧទ្ធម្ភាគចក្រ៕SP