ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងារ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា និងលោក សេដ្ឋា ថាវីស៊ីន (Srettha Thavisin)  នាយករដ្ឋមន្រ្តីថៃ បានវាយតម្លៃខ្ពស់ទៅវិញទៅមក និងមានជំនឿដ៏មុតមាំថា កិច្ចសហប្រតិបត្តិការកម្ពុជា-ថៃ ដែលនឹងកាន់តែរីកចម្រើន និងរឹងមាំថែមទៀត ។

ជាកិច្ចចាប់ផ្តើម សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានសម្តែងនូវការអបអរសាទរជាថ្មីម្តងទៀត ជូនចំពោះលោក សេដ្ឋា ថាវីស៊ីន ដែលត្រូវបានជ្រើសតាំងជា នាយករដ្ឋមន្រ្តីថៃ នៅថ្ងៃតែមួយ ស្របគ្នាទៅនឹងការជ្រើសតាំងជានាយករដ្ឋមន្រ្តីរបស់ សម្តេចធិបតី ផងដែរ ។ 

ជាការឆ្លើយតប លោក សេដ្ឋា ថាវីស៊ីន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការស្វាគមន៍ និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅ ប្រកបដោយភាតរភាព និងក៏បានអបអរសាទរដោយផ្ទាល់ចំពោះ សម្តេចធិបតី ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តីកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ផងដែរ ។

ជាកិច្ចបន្ទាប់, ប្រមុខរាជរដ្ឋាភិបាលទាំងពីរ បានពិភាក្សាគ្នា ដោយយកចិត្តទុកដាក់ និង ដោយស្និទ្ធស្នាល អំពីវិស័យនៃកិច្ចសហការទ្វេភាគីកម្ពុជា-ថៃ ដែលមានភាពសម្បូរបែប និងទូលំទូលាយ ។ កិច្ចពិភាក្សាបានផ្តោតជាសំខាន់ទៅលើវិស័យគន្លឹះ ដោយរាប់ចាប់ពី វិស័យពាណិជ្ជកម្ម, វិនិយោគ, ទេសចរណ៍, ការអប់រំ, ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ, កិច្ចការទូត, ទំនាក់ទំនងធុរកិច្ច, ទំនាក់ទំនង ប្រជាជន និង ប្រជាជន, ការតភ្ជាប់រវាងប្រទេសទាំងពីរ តាមផ្លូវអាកាស, ផ្លូវរថភ្លើង និង ផ្លូវថ្នល់, សេដ្ឋកិច្ចឌីជីថល និងសេដ្ឋកិច្ចបៃតង, កិច្ចការពាក់ព័ន្ធនឹងអន្តោប្រវេសន៍ រហូតដល់វិស័យសន្តិសុខឆ្លងដែននិង សន្តិសុខអនឡាញ ។

ជាមួយគ្នានេះ, ថ្នាក់ដឹកនាំទាំងពីរក៏បានណែនាំឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ បន្តពិភាក្សា និង សហការគ្នា ដើម្បីឱ្យកិច្ចសហប្រតិបត្តិការកម្ពុជា-ថៃ ទទួលបានផ្លែផ្កា សម្រាប់ជាឧត្តមប្រយោជន៍ទាំងសងខាង៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ