ទីក្រុងដេលីប្រទេសឥណ្ឌា រងរលកកម្ដៅ៤៩អង្សាសេ បង្កការបារម្ភដល់សុខភាពទារក ចាស់ជរា និងអ្នកមានជំងឺរ៉ាំរ៉ៃ
ឥណ្ឌា៖ រលកកម្ដៅដ៏ខ្លាំងមួយ ហាក់កំពុងដុតកម្លោចភាគខាងជើងប្រទេសឥណ្ឌា ជាមួយនឹងសីតុ ណ្ហភាពកើនឡើងដល់កម្រិត ៤៩,២អង្សាសេ នេះជារលកកម្ដៅលើកទី៥ហើយ ដែលរលកកម្ដៅ បានវាយប្រហារក្នុងរដ្ឋធានីដេលីចាប់តាំងពីខែមីនាមក។ មន្ត្រីប្រទេសនេះ បានស្នើឱ្យប្រជាជន មានការប្រុងប្រយ័ត្ន ខណៈដែលសីតុណ្ហភាព នឹងបន្តនៅ តែខ្ពស់ដដែល។
មន្ត្រីជំនាញព្រមានថា កម្ដៅអាចបង្កក្តីបារម្ភដល់សុខភាព សម្រាប់ជនងាយរងគ្រោះ រួមមាន ទារក ចាស់ជរា និងអ្នកមានជំងឺរ៉ាំរ៉ៃ។ នាយកដ្ឋានអាកាសធាតុរបស់ប្រទេសឥណ្ឌា បាននិយាយថា រដ្ឋ Himachal Pradesh, Haryana, Uttarakhand, Punjab និង Bihar បានឡើងកម្ដៅយ៉ាងខ្លាំង ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។
សូមបញ្ជាក់ថា រលកកម្ដៅ គឺជារឿងធម្មតានៅក្នុងប្រទេសឥណ្ឌា ជាពិសេសនៅក្នុងខែឧសភា និងខែមិថុនា។ រដូវក្តៅនៅឥណ្ឌា បានចាប់ផ្តើមនៅដើមឆ្នាំនេះ ជាមួយនឹងសីតុណ្ហភាពខ្ពស់ចាប់ផ្ដើមពីខែមីនា។ សីតុណ្ហភាពអតិបរមាជាមធ្យមក្នុងខែនេះ បានជាប់ជាកំណត់ត្រាដែលមិនធ្លាប់មានក្នុងរយៈពេល ១២២ឆ្នាំនៅប្រទេសឥណ្ឌា៕SP