(ប្រទេសឥណ្ឌា)៖ អាជ្ញាធរប្រចាំតំបន់ បាននិយាយនៅថ្ងៃពុធនេះថា មនុស្សច្រើនជាង ៥០០,០០០នាក់ បានភៀសខ្លួនចេញពីផ្ទះរបស់ពួកគេ នៅឯរដ្ឋអាសាមភាគឦសានប្រទេសឥណ្ឌា ដើម្បីគេចចេញពីទឹកជំនន់ដ៏ខ្លាំងក្លា ដែលបង្កឡើងដោយរដូវភ្លៀងមូសុងវស្សា ខណៈដែលមន្រ្តីបានព្រមានថា ស្ថានភាពអាកាសធាតុនឹងកាន់តែអាក្រក់ទៅ។
រដ្ឋមន្រ្តីធនធានទឹកប្រចាំរដ្ឋអាសាម លោក ពីជូស ហាហ្សារីកា បានប្រាប់ថា «មានមនុស្សចំនួន៧នាក់ បានលង់ទឹកស្លាប់ ក្នុងហេតុការណ៍ដាច់ដោយឡែកពីគ្នា នៅរយៈពេល៣ថ្ងៃចុងក្រោយនេះ រីឯមនុស្សចំនួន ៥០០,០០០នាក់ បានរងផលប៉ះពាល់ ខណៈសា្ថនភាពទឹកជំនន់ កំពុងប្រែជាធ្ងន់ធ្ងរទៅៗ ពីមួយម៉ោងទៅមួយម៉ោង»។
ដោយឡែករដ្ឋមន្រ្តីសុខាភិបាលប្រចាំរដ្ឋខាងលើ លោក កេសហាប់ ម៉ាហាតា បាននិយាយថា កម្លាំងទាហានឥណ្ឌាបានជួយសង្រ្គោះមនុស្សចំនួន ២,០០០នាក់ ដែលបានជាប់គាំងក្នុងស្រុកហូចៃ ហើយទឹកទន្លេប្រាម៉ាពូត្រា អាចនឹងហក់ឡើងបន្តទៀត នាពេលខាងមុខ៕SP