សេអ៊ូល៖ យោធារបស់ទីក្រុងសេអ៊ូលបាននិយាយថា កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងចំនួន៣គ្រា​ប់ ចេញពីឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួនកាលពីថ្ងៃពុធ ត្រឹមតែប៉ុន្មានម៉ោងបន្ទាប់ពីប្រ​ធានា​ធិប​តី​សហ​រដ្ឋ​អាមេរិកលោក ចូ បៃដិន បានចាកចេញពីប្រទេសជប៉ុន។

អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូងបាននិយាយថា ការបាញ់មីស៊ីលផ្លោងចំនួន ៣ គ្រាប់ ត្រូវបា​នបាញ់ក្នុងលំហអាកាសតិចជាងមួយម៉ោងពីតំបន់ Sunan នៃរដ្ឋធានីព្យុងយ៉ាងរបស់កូរ៉េខាងជើង។

 

ជាក់ស្តែង នាពេលថ្មីៗនេះ មន្ត្រីអាមេរិកនិងកូរ៉េខាងត្បូង បានព្រមានថា កូរ៉េខាងជើងបាន​ត្រៀ​មខ្លួន​រួចជាស្រេ​ចសម្រាប់ការសាកល្បងអាវុធមួយផ្សេងទៀត ដែលអាចធ្វើទៅបានក្នុងអំឡុង​ដំណើរ​ទស្ស​នកិច្ចរប​ស់ លោក ចូ បៃដិន ដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់​លោកទៅកាន់អាស៊ីក្នុងនា​ម​ជាប្រ​ធានាធិបតី។

 ស្របជាមួយគ្នានេះ ប្រទេសជប៉ុនបានរាយការណ៍ថា យ៉ាងហោចណាស់ការបាញ់បង្ហោះចំនួន ២ ប៉ុន្តែ​ថា​​ប្រហែលជាមានច្រើនជាងនេះ។ រដ្ឋមន្ត្រីការពារជាតិជប៉ុន ក៏បាននិយាយថា កាំជ្រួចមួយគ្រាប់​បាន​ហោះ​ក្នុងចម្ងាយប្រហែល ៧៥០ គីឡូម៉ែត្រ ដល់រយៈកម្ពស់អតិបរមា ៥០ គីឡូម៉ែត្រ ហើយ​ហាក់​ដូ​ច​ជា មានសមត្ថភាពផ្លាស់ប្តូរគន្លងរបស់វាក្នុងការហោះហើរ។ លោកបានបន្តថា កាំជ្រួចមួយទៀតបា​ន​ហោះ​បា​នចម្ងាយប្រហែល ៣០០ គីឡូម៉ែត្រ និងឡើងដល់រយៈកម្ពស់អតិបរមា ៥៥០ គីឡូម៉ែត្រ។

 

គួរបញ្ជាក់ថា នៅទីក្រុងសេអ៊ូលកាលពីចុងសប្តាហ៍ លោក ចូ បៃដិន និងសមភាគីកូរ៉េខាងត្បូង លោក យ៉ូន ស៊ុកយ៉ុលបានយល់ព្រមធ្វើសមយុទ្ធយោធាធំជាងនេះ និងដាក់ពង្រាយ​ទ្រព្យសម្បត្តិយុទ្ធសាស្ត្រ​របស់សហរដ្ឋអាមេរិកបន្ថែមទៀតប្រសិនបើចាំបាច់ដើម្បីរារាំងការសាកល្បងអាវុធកាន់តែខ្លាំងរបស់កូរ៉េខាងជើង។ ប៉ុន្តែពួកគេក៏បានស្នើឱ្យបញ្ជូនវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ទៅកាន់ប្រទេសកូរ៉េខាងជើង ខណៈដែលប្រទេសនេះកំពុងប្រយុទ្ធប្រឆាំងនឹងការរាតត្បាតដែលត្រូវបានបញ្ជាក់ជាលើកដំបូងរបស់ខ្លួន ហើយបានអំពាវនាវឱ្យទីក្រុងព្យុងយ៉ាងវិលត្រឡប់ទៅរកការទូតវិញ។ NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ