អឺរ៉ុប៖ Cristiano Ronaldo រកបានហេតទ្រីគ ក្នុងការប្រកួតដែល Juventus ឈ្នះ Cagliari ដោយលទ្ធផល ១-៣ កាលពីយប់ថ្ងៃអាទិត្យនេះ នៅលីគកំពូលអ៊ីតាលី Serie A។

ខ្សែប្រយុទ្ធព័រទុយហ្កាល់រូបនេះ រកគ្រាប់បាល់ជាបន្ដបន្ទាប់ទាំង៣គ្រាប់នៅ ៣២នាទីដំបូងនៃការប្រកួត ដែលជាគ្រាប់បាល់ផ្លូវការទី៧៧០របស់គេនៅក្នុងអាជីពជាកីឡាករបាល់ទាត់ ដែលមានចំនួនច្រើនជាង វីរបុរស Pele ៣គ្រាប់(៧៦៧គ្រាប់)។

ក្រុមសេះបង្កង់រីករាយនឹងជ័យជម្នះនេះ ទោះបីជា Giovanni Simeone រកបានមួយគ្រាប់វិញឱ្យក្រុមម្ចាស់ផ្ទះវិញក៏ដោយ ហើយបច្ចុប្បន្នក្រុមរបស់លោក Andrea Pirlo ឈរនៅលេខ៣ក្នុងតារាង Serie A មាន៥៥ពិន្ទុ ដោយមានគម្លាត១០ពិន្ទុពីក្រុមកំពូលតារាង Inter ប៉ុន្ដែនៅសល់១ប្រកួតក្នុងដៃ។

នេះជាការប្រកួតដំបូងដែល Cagliari បរាជ័យក្រោមការបង្វឹកដោយលោក Leonardo Semplici ចាប់តាំងពីខែកុម្ភៈមក ហើយធ្វើឱ្យពួកគេឈរនៅលេខ១៧ ក្នុងតារាងមាន២២ពិន្ទុ និងមានគម្លាត២ពិន្ទុពីតំបន់ត្រូវកាត់ចេញ៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ