ចូលរួមអបអរសាទរ! ព្រៃវែង បានយកឈ្នះ ភ្នំពេញក្រោន ៤-២ ទទួលបានលេខ៣ ពានសម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០២០
(ភ្នំពេញ)៖ ក្រុមជម្រើសខេត្តព្រៃវែង បានទទួលចំណាត់ថ្នាក់លេខ៣ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-Hun Sen Cup លើកទី១៤ (ថ្នាក់ជាតិ) ឆ្នាំ២០២០ បន្ទាប់ពីវាយបកឈ្នះក្រុមរាមច្បងភ្នំពេញក្រោន ដោយលទ្ធផល ៤-២ ក្នុងជំនួបវគ្គផ្ដាច់ព្រ័ត្រដណ្ដើមចំណាត់ថ្នាក់លេខ៣ នៅពហុកីឡដ្ឋានជាតិ ដែលទើបបញ្ចប់ការប្រកួតមុននេះ។
ការប្រកួតដ៏ជក់ចិត្ត មិនចាញ់ជំនួបដណ្ដើមពាននេះ ក្រុមសម្បូរបទពិសោធភ្នំពេញក្រោន បានបើកការនាំមុខក្រុមជើងឯកពានសម្ដេចតេជោថ្នាក់ខេត្តខាងលើ ២-១ នៅវគ្គទី១ ដែលធ្វើសម្រេចដោយកីឡាករ ប្រាក់ ធីវ៉ា និងកីឡាករ ពៅ ប៉ុនវុឌ្ឍី ខណៈ ១គ្រាប់របស់ក្រុមជម្រើសខេត្តព្រៃវែង ធ្វើសម្រេចដោយកីឡាករ គី រីណា។
លុះចូលវគ្គទី២ អតីតក្រុមយុវជន U18 វិសាខា នេះ បានបង្ហាញទម្រង់លេងគួរឲ្យភ្ញាក់ផ្អើល រហូតវាយបកបាន ៣គ្រាប់វិញ ដើម្បីទទួលបានចំណាត់ថ្នាក់លេខ៣ នៃពានសម្ដេចតេជោនាយករដ្ឋមន្ដ្រីនេះតែម្ដង បន្ទាប់ពីភ្នំពេញក្រោន ព្យាយាមរកគ្រាប់បាល់បន្ថែមមិនបានសម្រេច។ សម្រាប់ ៣គ្រាប់ ដែលជួយឲ្យព្រៃវែង បង្កើតកំណត់ត្រា ក្នុងនាមក្រុមថ្នាក់ខេត្ដដំបូង ដែលទទួលបានលេខ៣ រកបានដោយ ពៅ ចាន់ថេត, វឿន វ៉ា និង វុធ តុលា។
គួរបញ្ជាក់ថា សម្រាប់ការដណ្ដើមបានចំណាត់ថ្នាក់លេខ៣ ខេត្តព្រៃវែង ទទួលបានមេដាយសំរឹទ្ធ អមជាមួយប្រាក់រង្វាន់ ៣០លានរៀល ។ លើសពីនេះ ខ្សែប្រយុទ្ធរបស់ខេត្តព្រៃវែង កីឡាករ វុធ តុលា ក៏មានសង្ឃឹមខ្ពស់ក្នុងការឈ្នះស្បែកជើងមាសប្រចាំពានថ្នាក់ជាតិនេះដែរ ក្រោយរូបគេរកបានគ្រាប់បាល់សរុប ៦គ្រាប់ នាំមុខកីឡាករ សៀង ចន្ធា របស់បឹងកេត និង ជា ណាវីន របស់ទ័ព ដែលរកបានត្រឹម ៥គ្រាប់ តែអស់ការប្រកួតហើយ។
ចំពោះការប្រកួតវគ្គផ្ដាច់ព្រ័ត្រ ដណ្ដើមជើងឯកពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០២០ រវាងក្លិបណាហ្គាវើលដ៏ និងក្លិបវិសាខាវិញ នឹងចាប់ផ្ដើមការប្រកួតនាវេលាម៉ោង ៦ល្ងាចនេះ នៅពហុកីឡដ្ឋានជាតិ៕