អង់គ្លេស៖ Fulham បានវិលទៅកាន់ក្របខ័ណ្ឌ Premier League វិញ កាលពីថ្ងៃអង្គារ ក្រោយពីបានផ្តួលក្រុម Brentford ក្នុងលទ្ធផល ២-១ នៅកីឡដ្ឋាន Wembley នៅក្នុងការប្រកួតមួយដែលត្រូវបានចាត់ទុកថា នឹងផ្តល់ប្រាក់ចំណូលខ្ពស់បំផុតក្នុងពិភពលោកកីឡាបាល់ទាត់។

ខ្សែការពារ Joe Bryan បានក្លាយជាវីរបុរសដោយឥតរំពឹងទុក សម្រាប់ក្រុម Scott Parker ក្នុងការប្រកួតក្របខ័ណ្ឌ Championship វគ្គ Playoff ផ្តាច់ព្រ័ត្រ តាមរយៈការស៊ុតបាល់បញ្ចូលទី២គ្រាប់ នៅនាទីបន្ថែម១៥នាទី២ដង ក្រោយពីក្លិបមានមូលដ្ឋាននៅទីក្រុងឡុងដ៍ទាំង២ បានបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ ក្នុងការប្រកួតរយៈពេល៩០នាទី។ Henrik Dalsgaard បានស៊ុតបាល់បញ្ចូលទី១គ្រាប់វិញនៅជិតបញ្ចប់ការប្រកួតសម្រាប់ក្រុម Brentford ប៉ុន្តែ វាយឺតពេលបន្តិចហើយសម្រាប់ក្រុមរបស់លោក Thomas Frank ដែលមិនធ្លាប់បានលេងក្នុងក្របខ័ណ្ឌកំពូលអង់គ្លេសសោះក្នុងរយៈពេល៧៣ឆ្នាំ។ Fulham នឹងទទួលបានប្រាក់ចំណូលប្រមាណជា១៣៥លានផោន (ស្មើនឹង១៧៦លានដុល្លារអាមេរិក) សម្រាប់ការវិលទៅកាន់ Premier League បន្ទាប់ពីធ្លាក់ចេញកាលពីរដូវកាលមុន ហើយលទ្ធផលនេះ ក៏នឹងផ្តល់ភាពជោគជ័យជាលើកទីលោក Parker ផងដែរ ក្នុងអាជីពគ្រូបង្វឹករបស់លោក។

គួរដឹងដែរថា លោក Paker បានប្រាប់ទូរទស្សន៍ Sky Sports ថា៖ «យើងបានសម្រេចអ្វី ដែលយើងបានធ្វើនៅរាត្រីនេះ ប៉ុន្តែ នៅតែមានចំណុចជាច្រើនដែលត្រូវធ្វើឲ្យល្អប្រសើរឡើង ហើយនោះគឺជាអ្វីដែលធ្វើឲ្យខ្ញុំមានមោទនភាព និងរីករាយ»៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ