អឺរ៉ុប៖ បើយោងតាមប្រភពរបស់ Channel News Asia បានរាយការណ៍ថា ក្រុមយក្សអេស្ប៉ាញ Atletico Madrid កាលពីថ្ងៃអាទិត្យ បានធ្វើតេស្តឃើញវិជ្ជមានវីរុសកូរ៉ូណា២ករណី ពោលគឺត្រឹមតែរយៈពេល៤ថ្ងៃប៉ុណ្ណោះ នៅមុនពេលពួកគេត្រូវប៉ះជាមួយនឹងក្រុម Leipzig ក្នុងប្រទេសព័រទុយហ្គាល់ ដើម្បីប្រជែងយកកៅអីទៅកាន់ក្របខ័ណ្ឌ Champions League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

ដោយឡែក ក្លិបបានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «កាលពីថ្ងៃសៅរ៍ រាល់សមាជិកក្រុមទាំងអស់ ដែលបានធ្វើដំណើរទៅកាន់ទីក្រុង Lisbon បានទទួលការធ្វើតេស្ត ស្របតាមវិធីសាស្ត្ររបស់សហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុប មុននឹងចូលរួមក្នុងវគ្គ៨ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League»។

យ៉ាងណាមិញ ក្លិបបានបន្តថា៖ «ក្នុងចំណោមលទ្ធផលដែលបានរកឃើញនៅថ្ងៃនេះ មានករណីវិជ្ជមានចំនួន២នាក់ ហើយពួកគេកំពុងតែនៅដាច់ដោយឡែកដោយខ្លួនឯងក្នុងផ្ទះរៀងៗខ្លួនរបស់ពួកគេ»។ ក្លិបមិនបានប្រកាសថា ករណីឆ្លងទាំង២ គឺជាកីឡាករ ឬក៏បុគ្គលិកឡើយ។

គួរបញ្ជាក់ផងដែរថា សហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុប ក៏ដូចជាសហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញ និងព័រទុយហ្គាល់ រួមទាំងអាជ្ញាធរសុខាភិបាល ត្រូវបានជូនដំណឹងរួចរាល់ហើយថា ការធ្វើតេស្តជាថ្មីនឹងត្រូវធ្វើឡើងនៅក្នុងក្រុមនេះ និងក្រុមអ្នកគាំទ្រ។ ក្លិបបានទទួលស្គាល់ថា បញ្ហានេះ នឹងនាំឲ្យមានការផ្លាស់ប្តូរកាលវិភាគជើងហោះហើរ ក៏ដូចជាគម្រោងស្នាក់អាស្រ័យ នៅក្នុងរដ្ឋធានីព័រទុយហ្គាល់»៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ