អឺរ៉ុប៖ កាលពីរាត្រីថ្ងៃព្រហស្បតិ៍កន្លងទៅត្រូវនឹងថ្ងៃទី ១១ ខែ កុម្ភៈ ឆ្នាំ ២០២១ ជាការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ Club World Cup រវាងក្រុមម្ចាស់ជើងឯកទ្វីបអឺរ៉ុប FC Bayern Munich ទល់នឹងក្រុម Tigres។

ក្លិប Bayern Munich បានទទួលជ័យជម្នះយ៉ាងលំបាកទៅលើក្រុម Tigres ក្នុងលទ្ធផល ១-០ នៅឯកីឡដ្ឋាន Education City Stadium របស់ប្រទេសកាតា ។ សម្រាប់ ១ គ្រាប់របស់ Bayern នេះគឺរកបានដោយខ្សែការពារស្លាបស្តាំ Benjamin Pavard នៅនាទីទី ៥៩។ ដូច្នេះ Pavard ពិតជាមានគុណសម្បត្តិធំមែនទែនដោយមួយគ្រាប់របស់គេបានជួយឱ្យ Bayern ក្លាយជាជើងឯកនៃពានរង្វាន់ Clup Word Cup ហើយនេះក៏ជាពានទី ៦ ផងដែរសម្រាប់ក្រុមម្ចាស់ជើងឯកនៅក្នុងរដូវកាលមុន។

ដោយសារតែបញ្ហាការរីករាលដាលនៃជម្ងឺកូវីដ១៩ ទើបធ្វើឱ្យការប្រកួតរបស់ក្រុមទាំងពីរត្រូវមានការលំបាកខ្លះៗ ហើយបានលើកការប្រកួតពីឆ្នាំ ២០២០ មកកាន់ឆ្នាំ ២០២១ នេះវិញ ប៉ុន្តែជារួមលោក Hansi Flick បានជួយឱ្យ Bayern ជោគជ័យយ៉ាងធំធេងដោយបានក្រសោបពានជាច្រើននៅក្នុងរដូវកាលនេះ។

គួរបញ្ជាក់ដែរថា តាំងតែពីគាត់បានមកចូលដឹកនាំក្រុម Bayern នៅក្នុងខែ វិច្ឆិកា ឆ្នាំ ២០១៩ មក លោកបានជួយឱ្យ Bayern Munich ជោគជ័យខ្លាំងរហូតនឹកស្មានមិនដល់ ខណៈគុណសម្បត្តិរបស់លោក លោកបានជួយឱ្យក្លិបឈ្នះពានរង្វាន់ដូចជា Bundesliga, DFB-Pokal, Champions League, DFL-Supercup និង European Super Cup ខណៈថ្មីៗនេះក្លិបបានឈ្នះពានរង្វាន់ 2020 Clup World Cup៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ