កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ បង្ក្រាបក្រុមមុខសញ្ញាចោរឆក់១៥នាក់ ដែលតែងធ្វើសកម្មភាពយ៉ាងសកម្មក្នុងមូលដ្ឋាន
ព្រះសីហនុ៖ កម្លាំងជំនាញ នៃការិយាល័យបទល្មើសព្រហ្មទណ្ឌ មន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ បានបើកប្រតិបត្តិការបង្ក្រាបមុខសញ្ញាចោរឆក់១៥នាក់ ដែលតែងធ្វើសកម្មភាពយ៉ាងសកម្មក្នុងមូលដ្ឋាន។
ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងក្រោមការដឹកនាំបញ្ជាផ្ទាល់លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ។
របាយការណ៍របស់អាវុធហត្ថខេត្តព្រះសីហនុ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៥ ខែមិថុនានេះ បានបញ្ជាក់ថា ប្រតិបត្តិការបង្ក្រាបក្រុមចោរឆក់ទាំង១៥នាក់នេះ ធ្វើឡើងចាប់ពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ ដល់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ ដឹកនាំដោយលោកវរសនីយ៍ទោ សួ ស៊ន អនុប្រធានមន្ទីរ ដោយមានការសម្របសម្រួលនីតិវិធីពីលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ។
ក្នុងប្រតិបត្តិការនេះ កម្លងសមត្ថកិច្ចដកហូតបាន ម៉ូតូចំនួន៧គ្រឿង និងសម្ភារ:មួយចំនួន ដែលជាមធ្យោបាយក្នុងការប្រព្រឹត្តិបទល្មើស នៅខេត្តព្រះសីហនុ។ ផ្អែកតាមចម្លើយសាកសួរតាមវិធានជំនាញរួចមក ជនសង្ស័យក្នុងចំណោម១៥នាក់ ដែលត្រូវបានឃាត់ខ្លួនខាងលើ មួយចំនួនជាមុខសញ្ញាចាស់ ទើបចេញពីពន្ធនាគារ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងត្រូវបានបញ្ជូនមកកាន់ការិយាល័យជំនាញ ដើម្បីធ្វើការសាកសួរបន្តនីតិវិធី នៅបញ្ជាការដ្ឋានអាវុធហត្ថខេត្តព្រះសីហនុ៕