ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក យ៉ែម ច័ន្ទណារុំ អគ្គលេខាធិការរង គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានឱ្យដឹងថា រយៈពេល ៩ខែ ឆ្នាំ២០២២ អាជ្ញាធរ បានធ្វើការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទចំនួន ១២២ករណី មានការថយចុះ៥៤,៦៤% បើធៀបរយៈពេលដូចគ្នា កាលពីឆ្នាំ២០២១។

ក្នុងកិច្ចប្រជុំពិនិត្យពិភាក្សាឆ្លងរបាយការណ៍ជាតិ ការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស រយៈពេល ៩ខែ ឆ្នាំ២០២២ ក្រោមអធិបតីភាព លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ (គ.ជ.ប.ជ) នារសៀលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីស្ដីការក្រសួង លោកឧត្តមសេនីយ៍ឯក យ៉ែម ច័ន្ទណារុំ បានថ្លែងថា រយៈពេល ៩ខែ គ.ជ.ប.ជ បានសហការជាមួយអង្គការដៃគូ ធ្វើការផ្សព្វផ្សាយដោយផ្ទាល់តាមរយៈការលើកកម្ពស់ការយល់ដឹងស្តីពីការបង្ការ ទប់ស្កាត់ សរុបចំនួន ៩៤.៧២៩លើក មានអ្នកចូលរួមសរុបចំនួន ៤.០០៧.៣១៨នាក់។ បានផ្សព្វផ្សាយតាមវិទ្យុ ទូរទស្សន៍ និងប្រព័ន្ធអេឡិចត្រូនិក បានចំនួន ៧៥.៤៣០លើក។

លោក បញ្ជាក់ថា «អាជ្ញាធរពាក់ព័ន្ធ បានតាមដានស្រាវជ្រាវ បង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ រយៈពេល០៩ខែ សរុប១២២ករណី (ធៀបនឹង០៩ខែ ឆ្នាំ២០២១ មានចំនួន២៦៩ករណី ថយចុះចំនួន ១៤៧ករណី) ស្នើនឹង ៥៤,៦៤% (ករណីអំពើជួញដូរមនុស្ស បង្រ្កាបបាន ២៣ករណី, ករណីអំពើធ្វើអាជីវកម្មផ្លូវភេទ បង្រ្កាបបាន ៩៩ករណី)»៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ