(ក្រុងព្រះសីហនុ)៖ ជនជាតិចិនម្នាក់ ត្រូវបានកម្លាំងនគរបាលខេត្តព្រះសីហនុ ចាប់ខ្លួនពាក់ព័ន្ធការកាន់កាប់អាវុធដោយខុសច្បាប់ នៅចំណុចផ្លូវពយកំពេញចាស់ ស្ថិតនៅភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ។

ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានឲ្យដឹងនៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០នេះថា នៅវេលាម៉ោង០១៖៥០នាទីរសៀល ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានទទួលព័ត៌មានពីប្រជាពលរដ្ឋថា ឃើញជនជាតិចិនម្នាក់ពាក់អាវខ្មៅ មានកាបូបសង្ស័យមានអាវុធខ្លី បានឡើងជិះរថយន្ត១គ្រឿង ម៉ាក LEXUS RX300 ពណ៌សស្លាកលេខ ភ្នំពេញ 2AT-6732 នៅចំណុចផ្លូវពយកំពេញចាស់ ស្ថិតនៅភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ។

បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់៣ ចុះទៅដល់កន្លែងទីតាំងខាងលើ រួចធ្វើការត្រួតពិនិត្យរថយន្ត ជាលទ្ធផលឃើញមានជនជាតិចិនម្នាក់ និងរកឃើញមានអាវុធខ្លី១ដើម ម៉ាក SIGSAUER ពណ៌ខ្មៅ បង់កាំភ្លើង១ មានគ្រាប់៩គ្រាប់ ។ បន្ទាប់មកសមត្ថកិច្ចបានឃាត់ខ្លួនជនជាតិចិនម្នាក់នោះ មកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសួរនាំ។

ជនសង្ស័យឈ្មោះ Wu Hai Zhu អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ ពុំមានលិខិតឆ្លងដែនជាប់ខ្លួន ស្នាក់នៅភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ។ វត្ថុតាងចាប់យកបាន អាវុធខ្លី ១ដើម ម៉ាក SIGSAUER ពណ៌ខ្មៅ, ទូរស័ព្ទដៃ៣គ្រឿង, រថយន្ត១គ្រឿង។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្ត កំពុងបន្តនីតិវិធីបញ្ជូនទៅសាលាដំបូងខេត្ត៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ