សមត្ថកិច្ច ចាប់ខ្លួនឧក្រិដ្ឋជនបាន ២នាក់ ក្រោយបង្ខាំងមនុស្សខុសច្បាប់ ធ្វើទារុណកម្ម ដើម្បីជំរិតទារប្រាក់ នៅក្រុងព្រះសីហនុ
ព្រះសីហនុ ៖ ករណីបង្ខាំងមនុស្សខុសច្បាប់ ធ្វើទារុណកម្ម ដើម្បីជំរិតទារប្រាក់ និងប្រើប្រាស់អាវុធខុសច្បាប់ ត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បំបែកបានដោយជោគជ័យ និងឈានដល់ការចាប់ខ្លួនឧក្រិដ្ឋជនជនជាតិចិន ចំនួន២នាក់ រួមជាមួយវត្ថុតាងមួយចំនួន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ផ្ដន្ទាទោសតាមច្បាប់ ខណៈជនរងគ្រោះម្នាក់ ត្រូវបានជួយសង្គ្រោះ។
ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៣នេះថា នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង២៣៖០០នាទី នៅម្តុំអូរពីរ (ផ្លូវចាក់សំរាម) ក្រុមទី១១ ភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ កម្លាំងការិយាល័យនគរបាលព្រហ្មណ្ឌកម្រិតធ្ងន់ បានទទួលព័ត៌មានថា មានករណីឆោឡោជនជាតិចិនម្នាក់ ដៃទាំងពីរជាប់ខ្នោះ នៅកមានជាប់ឧបករណ៍ឆក់ ព្រមទាំងមានកន្សែងចងជាប់នឹងកថែមទៀត និងកជើងខាងស្តាំ មានជាប់ខ្សែរិតពណ៌ស មានរបួសទាំងសងខាងដើរតាមផ្លូវ។
ក្រោយពីទទួលដំណឹងភ្លាមលោកបានបញ្ជា ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានចុះដល់ទីតាំងកើតហេតុខាងលើ និងបាននាំជនរងគ្រោះ (ជនជាតិចិន) ចំនួន១នាក់ ព្រមទាំងវត្តុតាំង យកមកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។ ជនរងគ្រោះឈ្មោះ Huang Qiang អាយុ៣៦ឆ្នាំ បច្ចុប្បន្នស្នាក់នៅម្តុំវិកតូរី សង្កាត់៣ ក្រុងព្រះសីហនុ។ វត្ថុតាងដែលដកហូតបាន នៅជាប់ខ្លួនជនរងគ្រោះមាន៖ ខ្នោះដៃ ចំនួន០១, ឧបករណ៍ឆក់ ចំនួន០១, ខ្សែរិតពណ៌ស ចំនួន០១ និងកន្សែង(ចាស់) ពណ៌ស ចំនួន០១។
បន្ទាប់ពីបានសាកសួរជនរងគ្រោះរួច កម្លាំងបាននាំជនរងគ្រោះទៅដល់ទីតាំងផ្ទះវីឡា ១កន្លែងជាទីតាំងដែលក្រុមរបស់ជនសង្ស័យបានបង្ខាំង និងធ្វើទារុណកម្មមកលើរូបគេ ស្ថិតនៅក្រោយសាលាក្រុងព្រះសីហនុ ស្ថិតនៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។
សូមរំលឹកថា បច្ចុប្បន្នកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ កំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្តព្រះសីហនុ និងស្នើសុំបើកការអង្កេតករណីនេះដោយសហការជាមួយជំនាញពាក់ព័ន្ធស្រាវជ្រាវស្វែងរកចាប់ខ្លួនជនសង្ស័យ ដែលកំពុងគេចខ្លួនមកផ្ដន្ទាទោសតាមច្បាប់៕EB