ទីបំផុត វ៉ាក់សាំងផលិតនៅឥណ្ឌាដំបូងត្រូវបានអង្គការសុខភាពពិភពលោកដាក់បញ្ចូលក្នុងបញ្ជីសម្រាប់ការប្រើប្រាស់ក្នុងលក្ខខណ្ឌបន្ទាន់
ញូវដែលី៖ ទីបំផុតអង្គការសុខភាពពិភពលោក (WHO) បញ្ជាក់ថា ខ្លួនបានសម្រេចអនុម័តទទួលស្គាល់ជាផ្លូវការ នូវវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ផលិតក្នុងប្រទេសឥណ្ឌា ឈ្មោះថា Covaxin ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនជីវបច្ចេកវិទ្យា Bharat Biotech សម្រាប់ការប្រើប្រាស់ក្នុងលក្ខខណ្ឌបន្ទាន់។នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃទី០៤ វិច្ឆិកា ២០២១។
ក្រុមហ៊ុន Bharat Biotech ដែលជាក្រុមហ៊ុនផលិតវ៉ាក់សាំង Covaxin ជាមួយស្ថាប័នស្រាវជ្រាវរដ្ឋឥណ្ឌា បានចាប់ផ្តើមចែករំលែកទិន្នន័យជាមួយអង្គការសុខភាពពិភពលោក WHO ចាប់តាំងពីដើមខែកក្កដាកន្លងមក។ ហើយការអនុម័តទទួលស្គាល់នាពេលនេះ នឹងអនុញ្ញាតឱ្យក្រុមហ៊ុន Bharat Biotech អាចនាំចេញវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ Covaxin ទៅកាន់បណ្តាប្រទេសដ៏ទៃទៀត ស្របតាមការណែនាំរបស់អង្គការសុខភាពពិភពលោក (WHO)។ វាក៏អាចជួយប្រជាជនឥណ្ឌារាប់លាននាក់ដែលបានទទួលការចាក់វ៉ាក់សាំងនេះ អាចធ្វើដំណើរទៅក្រៅប្រទេសផងដែរ។
សូមរំលឹកផងដែរថា ភាគហ៊ុនរបស់ Ocugen Inc ដែលជាដៃគូដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិករបស់ក្រុមហ៊ុន Bharat Biotech បានកើនឡើងជាង ៦ភាគរយនៅក្នុងការជួញដូរមុនទីផ្សារ បន្ទាប់ពីការសម្រេចចិត្តរបស់ WHO៕