រុស្ស៊ីសម្តែងការព្រួយបារម្ភថា អាមេរិកកំពុងពង្រឹងកិច្ចសហប្រតិបត្តិការយោធាជាមួយជប៉ុន ឥណ្ឌា និងអូស្ត្រាលី ដើម្បីគ្រប់គ្រងតំបន់អាស៊ី-ប៉ាស៊ីហ្វិក
រុស្ស៊ី៖ ក្រសួងការពារជាតិរុស្ស៊ីបានបង្ហាញការព្រួយបារម្ភថា សហរដ្ឋអាមេរិកបាននិងកំពុងពង្រឹងកិច្ចសហប្រតិបត្តិការយោធាជាមួយជប៉ុន ឥណ្ឌា និងអូស្ត្រាលី ដើម្បីគ្រប់គ្រងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ។ នេះបើយោងតាមប្រភព NHK
ក្រសួងការពារជាតិរុស្ស៊ីបានធ្វើជាម្ចាស់រៀបចំវេទិការសន្និសិទមួយស្តីពីសន្តិសុខអន្តរជាតិ ដែលចាប់ផ្តើមប្រព្រឹត្តិទៅកាលពីថ្ងៃអង្គារសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) នៅក្នុងទីក្រុងមូស្គូ ។
ប្រធានទីភ្នាក់ងារចារកម្មយោធារុស្ស៊ី GRU គឺលោក អ៊ីហ្គោ ខូស្ទីយូកូវ (Igor Kostyukov) បាននិយាយថា បច្ចុប្បន្នរុស្ស៊ីបានដាក់ជាក្រុមលើសហរដ្ឋអាមេរិក ជប៉ុន ឥណ្ឌា និងអូស្ត្រាលី ថា ជា “ប្រទេស Quad” ហើយថា អាមេរិកកំពុងព្យាយាមបង្កើតអ្វីមួយដូចជាអង្គការ NATO នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ពាក់ព័ន្ធនឹងប្រទេសឥណ្ឌាដែលបានប្រកាន់យកគោលការណ៍ការទូតឯករាជ្យ ។
គួរកត់សម្គាល់ ទីក្រុងមូស្គូទំនងជាមានការព្រួយបារម្ភចំពោះទីក្រុងវ៉ាស៊ីនតោន ដែលបានពង្រីកឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដូចដែលធ្លាប់បានធ្វើនៅអឺរ៉ុប ដោយបន្ថែមអតីតសាធារណរដ្ឋសូវៀតចូលទៅក្នុងអង្គការ NATO ៕ ៕