អ៊ីស្រាអែល៖ ក្រសួងសុខភាពគ្រប់គ្រងដោយក្រុមហាម៉ាសបាននិយាយថា ការបំផ្ទុះដ៏ធ្ងន់ធ្ងរបំផុតមួយបានធ្វើឲ្យកក្រើកមន្ទីរពេទ្យទីក្រុងហ្គាហ្សា(Gaza) ដែលផ្ទុកពេញទៅដោយអ្នករបួស និងប្រជាជនប៉ាឡេស្ទីនផ្សេងទៀតដែលកំពុងស្វែងរកកន្លែងជ្រកកោនកាលពីថ្ងៃអង្គារ ដោយបានសម្លាប់មនុស្សរាប់រយនាក់ ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Al Jazeera  នៅថ្ងៃទី ១៨ តុលា ២០២៣។

ក្រុមហាម៉ាស់បានស្តីបន្ទោសការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ខណៈយោធាអ៊ីស្រាអែលបាននិយាយថា មន្ទីរពេទ្យត្រូវបានវាយប្រហារដោយគ្រាប់រ៉ូកែតដែលបាញ់ខុសគោលដៅដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន។

ក្រសួងសុខាភិបាលបាននិយាយថាមនុស្សយ៉ាងហោចណាស់៥០០នាក់ បានស្លាប់ ក្នុងការវាយប្រហារលើមន្ទីរពេទ្យ Anglican Al-Ahli Baptist ។ វីដេអូដែលសារព័ត៌មាន AP បានបញ្ជាក់ពីខាងមន្ទីរពេទ្យ បង្ហាញពីអណ្ដាតភ្លើងបានឆាបឆេះអគារមន្ទីរពេទ្យនេះ ហើយបរិវេណមន្ទីរពេទ្យពោរពេញដោយរាងកាយសាកសពដាច់រយៈ ដែលភាគច្រើនជាកុមារតូចៗ។ នៅជុំវិញវាលស្មៅត្រូវបានរាយប៉ាយដោយភួយ  កាបូបស្ពាយសិស្សសាលា និងរបស់របរផ្សេងៗទៀត។ 

ការសម្លាប់រង្គាលបានកើតឡើងនៅពេលសហរដ្ឋអាមេរិកបានព្យាយាមបញ្ចុះបញ្ចូលអ៊ីស្រាអែលអនុញ្ញាតឱ្យមានការចែកចាយការផ្គត់ផ្គង់ជំនួយដល់ជនស៊ីវិលដែលអស់សង្ឃឹម ក្រុមជំនួយ និងមន្ទីរពេទ្យនៅតំបន់ហ្គាហ្សាដ៏តូច ដែលបានស្ថិតនៅក្រោមការឡោមព័ទ្ធទាំងស្រុងចាប់តាំងពីការវាយលុកដ៏សាហាវរបស់ក្រុមហាម៉ាសនៅភាគខាងត្បូងអ៊ីស្រាអែលកាលពីសប្តាហ៍មុន។ ការវាយប្រហារនេះក៏បានកើតឡើង ផងដែរ មួយថ្ងៃមុនពេលលោកប្រធានាធិបតី Joe Biden ទៅបំពេញទស្សនកិច្ចក្នុងតំបន់ ដើម្បីបង្ហាញការគាំទ្រដល់អ៊ីស្រាអែល និងព្យាយាមការពារកុំឱ្យសង្រ្គាមរីករាលដាល។ 

គួរបញ្ជាក់ផងដែរថា ប្រជាជនប៉ាឡេស្ទីនរាប់រយនាក់បានភៀសខ្លួននៅក្នុងមន្ទីរពេទ្យ al-Ahli និងមន្ទីរពេទ្យផ្សេងទៀតក្នុងទីក្រុង ហ្គាហ្សា កាលពីប៉ុន្មានថ្ងៃមុន ដោយសង្ឃឹមថាពួកគេនឹងរួចផុតពីការទម្លាក់គ្រាប់បែក បន្ទាប់ពីអ៊ីស្រាអែលបានបញ្ជាឱ្យប្រជាជនទាំងអស់នៅក្នុងទីក្រុង និងតំបន់ជុំវិញនោះ ជម្លៀសទៅកាន់ភាគខាងត្បូងតំបន់ហ្គាហ្សា៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ