ប៊ែរឡាំង៖ រដ្ឋមន្ដ្រីការពារជាតិអាល្លឺម៉ង់ លោក បូរីស ពីស្ដូរៀស បានប្រកាសថា នៅក្នុងឆ្នាំ២០២៤នេះ អាល្លឺម៉ង់នឹងដំឡើងជំនួយយោធាទ្វេដង ដែលស្មើនឹងទឹកប្រាក់ចំនួន ៨,៥ពាន់លានដុល្លារ ទៅកាន់ប្រទេសអ៊ុយក្រែនដែលកំពុងព្យាយាមបណ្ដេញកងកម្លាំងរុស្ស៊ីពីទឹកដីរបស់ខ្លួន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី ១៣ វិច្ឆិកា ២០២៣។

ថ្លែងក្នុងសន្និសីទកាសែតមួយ រដ្ឋមន្ដ្រីរូបនេះបានគូសបញ្ជាក់ថា ការធ្វើបែបនេះ គឺជានិមិត្តសញ្ញាសម្រាប់អ៊ុយក្រែនថា អាល្លឺម៉ង់មិនបានបោះបង់អ៊ុយក្រែនចោលនោះទេ បើទោះបីជាបច្ចុប្បន្នសហគមន៍អន្ដរជាតិកំពុងផ្ដោតសំខាន់លើសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស់ក៏ដោយ។ ផ្ទុយទៅវិញ នៅក្នុងរបាយការណ៍មួយដែលចេញផ្សាយមុនពេលរដ្ឋមន្ដ្រីការពារជាតិចេញសេចក្ដីប្រកាសនេះ គេឃើញថា អាល្លឺម៉ង់គ្រោងនឹងដាក់បញ្ចូលថវិកាជំនួយយោធាទៅកាន់អ៊ុយក្រែននេះ ជាផ្នែកមួយនៃការចំណាយលើការវិស័យយោធា។

ការធ្វើបែបនេះ នឹងធ្វើឱ្យអាល្លឺម៉ង់សម្រេចគោលដៅចំណាយ ២% ដែលកំណត់ដោយអង្គការណាតូក្នុងឆ្នាំ២០២៤នេះ។ អ៊ុយក្រែនតែងទាមទារជំនួយយោធាបន្ថែមពីប្រទេសជាសម្ព័ន្ធមិត្តលោកខាងលិច ដើម្បីធ្វើការវាយបកទៅលើរុស្ស៊ី និងដណ្ដើមទឹកដីមកវិញ។ យ៉ាងណាមិញ ប្រតិបត្តិការវាយបកនៅក្នុងឆ្នាំនេះ ត្រូវទទួលបរាជ័យក្នុងការដណ្ដើមទឹកដីប៉ែកខាងត្បូង និងខាងកើតត្រលប់មកវិញ។

គួរបញ្ជាក់ថា អាល្លឺម៉ង់ គឺជាប្រទេសមួយដែលតែងតែផ្ដល់ការគាំទ្រដល់អ៊ុយក្រែន តាំងពីសង្គ្រាមបានផ្ទុះឡើងនៅខែកុម្ភៈ ឆ្នាំ២០២២ ដោយក្នុងនោះអាល្លឺម៉ង់បានផ្ដល់ជំនួយទាំងផ្នែកមនុស្សធម៌ ហិរញ្ញវត្ថុ និងផ្នែកយោធា ដែលមានទំហំទឹកប្រាក់ស្មើនឹង ២២ពាន់លានអឺរ៉ូ។ យ៉ាងណាមិញ អាល្លឺម៉ង់ តែងបដិសេធមិនផ្ដល់ឱ្យនូវមីស៊ីលបាញ់រយៈចម្ងាយឆ្ងាយឈ្មោះ Taurus ដូចដែលទីក្រុងគៀវបានស្នើសុំ ដោយខ្លាចថា ទីក្រុងគៀវនឹងបាញ់សម្ដៅទៅកាន់ប្រទេសរុស្ស៊ី៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ