ចាប់ខ្លួនអតីតមន្រ្តីយោធាជាន់ខ្ពស់តួកគី ដែលចូលនិវត្តន៍ចំនួន ១០រូប ពីបទរិះគន់ទិតៀនប្រធានាធិបតី
តួកគី៖ នាថ្ងៃចន្ទ ទី៥ មេសា ឆ្នាំ២០២១ នេះ បានចាប់ខ្លួនអតីតមន្រ្តីយោធាជាន់ខ្ពស់ចូលនិវត្តន៍ចំនួន ១០រូប ហើយការចាប់ខ្លួននេះបានធ្វើឡើង មួយថ្ងៃក្រោយពីមានការផ្សព្វផ្សាយនូវលិខិតមួយចុះហត្ថលេខាដោយអតីតមន្រ្តីយោធាប្រមាណជា ១០០នាក់។
នៅក្នុងលិខិតនោះ ពួកគេបានរិះគន់ទិតៀនលើគម្រោងសាងសង់ព្រែកជីកអ៊ីស្តង់ប៊ុលរបស់ប្រធានាធិបតីលោកអ៊ែរដូហ្កាន។ តាមការិយាល័យរបស់អគ្គរដ្ឋអាជ្ញា ការស៊ើបអង្កេតមួយបានលើកឡើងដើម្បីប្រឆាំងនឹងក្រុមមន្រ្តីយោធាចូលនិវត្តន៍ក្នុងបទឧក្រិដ្ឋកម្មប្រឆាំងសន្តិសុខជាតិ និងរដ្ឋធម្មនុញ្ញ។
អតីតក្រុមមន្រ្តីយោធាចូលនិវត្តន៍ទាំងជាង ១០០នាក់បានយល់ឃើញថា គម្រោងសាងសង់ព្រែកជីកអ៊ីស្តង់ប៊ុលរបស់លោកអ៊ែរដូហ្កានជាការគំរាមកំហែងលើសន្ធិសញ្ញាអន្តរជាតិម៉ុងទ្រឺចុះហត្ថលេខាឆ្នាំ ១៩៣៦។ លិខិតចំហដដែលបានបារម្ភពីផលប៉ះពាល់លើសន្ធិសញ្ញាអន្តរជាតិម៉ុងទ្រឺដែលធានាពីសេរីភាពធ្វើចរាចរណ៍ផ្លូវទឹកដោយសេរីតាមច្រកសមុទ្របូស្វ័រ និងបានការពារច្រើនលើផលប្រយោជន៍តួកគី។
គួររម្លឹកថា កាលពីខែមីនាកន្លងទៅ ប្រទេសតួកគីបានអនុម័តលើផែនការមួយដើម្បីសាងសង់ព្រៃកជីកអ៊ីស្តង់ប៊ុលដោយយកគំរូតាមព្រែកជីកប៉ាណាម៉ា ឬព្រែកជីកស៊ុយអេ។ ព្រែកជីកអ៊ីស្តង់ប៊ុលជាមហាគម្រោងប្រកបដោយមហិច្ឆតាធំធេងរបស់ប្រធានាធិបតីលោកអ៊ែរដូហ្កាននៅក្នុងរយៈពេលនៃការកាន់អំណាច ១៨ឆ្នាំរបស់លោក។
ជាមួយនឹងមហាគម្រោងមួយនេះដែរ លោកអ៊ែរដូហ្កាងចង់ផ្លាស់ប្តូរហេដ្ឋារចនាសម្ព័ន្ធរបស់តួកគីដោយធ្វើការសាងសង់ថ្មីនូវស្ពាន អាកាសយានដ្ឋាន និងផ្លូវក្រោមដី។ រដ្ឋាភិបាលបើកលើកយកហេតុផលទៅពន្យល់ថា ព្រៃកជីកអ៊ីស្តង់ប៊ុលនឹងអនុញ្ញាតឲ្យក្រុងអ៊ីស្តង់ប៊ុលបំពាក់នូវប៉ូលថ្មីនៃការទាក់ទាញបន្ថែមដើម្បីជួយបន្ធូរភាពមមាញឹកខ្លាំងនៅច្រកសមុទ្របូស្វ័រ។
យ៉ាងណាមិញ តែក្រុមប្រឆាំងមិនបានយល់ឃើញដូចរដ្ឋាភិបាលដោយពួកគេបានមើលឃើញពីផលប៉ះពាល់លើបរិស្ថាន និងអាចជាការគំរាមកំហែងលើសន្ធិសញ្ញាអន្តរជាតិម៉ុងទ្រឺចុះហត្ថលេខាឆ្នាំ ១៩៣៦។ តាមក្រុមប្រឆាំង សន្ធិសញ្ញាអន្តរជាតិម៉ុងទ្រឺបានធានាពីការធ្វើចរាចរណ៍ដោយសេរីរបស់នាវាស៊ីវិលនៅក្នុងច្រកសមុទ្របូស្វ័រ និងដារដានែលទាំងនៅក្នុងសម័យសន្តិភាពក៏ដូចជាសម័យសង្រ្គាម។
គួរបញ្ជាក់ថា ប្រធានទំនាក់ទំនងរបស់លោកអ៊ែរដូហ្កានបានថ្លែងតាមបណ្តាញសង្គម Twitter នាថ្ងៃអាទិត្យ ទី៤ មេសា ថា អ្នកដែលបានចុះហត្ថលេខាលើលិខិតចំហ និងអ្នកដែលបានជួយលើកទឹកចិត្តត្រូវតែទទួលការកាត់ទោសនៅតុលាការដូចគ្នា៕