អូស្ត្រាលីជាប្រទេសចុងក្រោយផ្តល់ជំនួយោធាសម្រាប់អ៊ុយក្រែន ខណៈដែលជម្លោះរវាងទីក្រុងកៀវ និងម៉ូស្គូ នៅតែបន្ត
កង់បេរ៉ា៖ នាយករដ្ឋមន្ត្រីអូស្ត្រាលី Scott Morrison បានបញ្ជាឱ្យផ្តល់មូលនិធិនៃជំនួយយោធាសម្រាប់អ៊ុយក្រែន ខណៈដែលជម្លោះយោធារវាងទីក្រុងកៀវ និង ម៉ូស្គូ នៅតែបន្ត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន RT នៅថ្ងៃទី២៧ កុម្ភៈ ២០២២។
លោក Morrison បានប្រកាសនៅព្រឹកថ្ងៃអាទិត្យថា ប្រទេសអូស្ត្រាលីនឹងចាប់ផ្តើមផ្គត់ផ្គង់សព្វាវុធដល់អ៊ុយក្រែន តាមរយៈសម្ព័ន្ធមិត្តណាតូរបស់ខ្លួន។
លោក Morrison បាននិយាយថា ទីក្រុងកង់បេរ៉ានឹងផ្តល់ជំនួយយោធាតាមរយៈសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងរដ្ឋសមាជិកណាតូផ្សេងទៀត ជាជាងដឹកជញ្ជូនអាវុធពីអូស្ត្រាលីដោយផ្ទាល់ "ព្រោះវាជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុត"។
យ៉ាងណាមិញ អូស្ត្រាលីគឺជាប្រទេសចុងក្រោយបង្អស់ដែលសន្យាផ្តល់អាវុធ និងជំនួយយោធាផ្សេងទៀតដល់អ៊ុយក្រែន ដោយដើរតាមគន្លងរបស់សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស អាល្លឺម៉ង់ និងសម្ព័ន្ធមិត្តណាតូផ្សេងទៀត។
គួរបញ្ជាក់ផងដែរថា ក្នុងសប្តាហ៍នេះ ប្រទេសអាល្លឺម៉ង់បានសន្យាថានឹងបញ្ជូនអាវុធប្រឆាំងរថក្រោះដល់អ៊ុយក្រែនចំនួន 1,000 ដើម និងកាំជ្រួចបាញ់ចេញពីដីទៅអាកាសចំនួន 500 ដើម ខណៈដែលបែលហ្ស៊ិក និងហូឡង់បានប្តេជ្ញាថានឹងផ្តល់កាំភ្លើងយន្តចំនួន 2,000 ដើម និងមីស៊ីលចំនួន 200 ដើមរៀងៗខ្លួន។RT