ចក្រភពអង់គ្លេស បានសន្យាផ្ដល់ជំនួយយោធាបន្ថែម មានទំហំទឹកប្រាក់១,៦ពាន់លានដុល្លារ ជួយដល់អ៊ុយក្រែន សម្រាប់ទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ី
ទីក្រុងឡុងដ៍៖ ថ្វីបើប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) តែងតែគំរាមកំហែង ដល់ប្រទេសណាមួយ ហ៊ានលូកដៃចូលទៅក្នុងសង្គ្រាមនៅអ៊ុយក្រែន យ៉ាងណាក្ដី ប៉ុន្តែរហូតមកដល់ពេលនេះ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងសម្ពន្ធមិត្ត មិនបានខ្លាចនឹងការសម្លុតរបស់ក្រុងមូស្គូនោះឡើយ ហើយថែមទាំងបញ្ជូនជំនួយយោធា កាន់តែច្រើនឡើងជាបន្ដបន្ទាប់ មានតម្លៃរាប់ពាន់លានដុល្លារសហរដ្ឋអាមេរិក ជួយដល់រដ្ឋាភិបាលក្រុងកៀវ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Republic World នៅថ្ងៃទី០៩ ឧសភា ២០២២។
ចក្រភពអង់គ្លេស បានសន្យាផ្ដល់ជំនួយយោធាបន្ថែម មានទំហំទឹកប្រាក់១,៦ពាន់លានដុល្លារ ជួយដល់អ៊ុយក្រែន សម្រាប់ទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ី។ មូលនិធិនេះជាទុនបម្រុងគ្រាអាសន្នរបស់រតនាគារ ត្រូវបានបែងចែក ដោយប្រធានរតនាគារជាតិអង់គ្លេស លោក រីស៊ី ស៊ូនែក (Rishi Sunak)។
ក្រៅពីនេះ ចក្រភពអង់គ្លេស ក៏បានជួយម៉ាស៊ីនភ្លើងចល័ត ចំនួន២៨៧គ្រឿង ដល់អ៊ុយក្រែន សម្រាប់បម្រើការងារដល់មជ្ឈមណ្ឌលសង្គ្រោះ មន្ទីរពេទ្យ បង្គោលអង់តែនទូរស័ព្ទ និង ស្ថានីយបូមទឹក។
គួរបញ្ជាក់ផងដែរថា លោក បូរីស ចនសុន (Boris Johnson) នាយករដ្ឋមន្រ្ដីចក្រភពអង់គ្លេស បានសរសេរ នៅលើបណ្ដាញសង្គមធ្វីតធើរ ថា «យើងមានសារមួយសម្រាប់អ្នក អ៊ុយក្រែននឹងឈ្នះ ហើយអ៊ុយក្រែន នឹងមានសេរីភាព»។
ជាមួយគ្នានេះដែរ លោកនាយករដ្ឋមន្រ្ដីចក្រភពអង់គ្លេស បានថ្លែងសុន្ទរកថា ទៅកាន់សភារបស់អ៊ុយក្រែន តាមរយៈសន្និសីទវីដេអូ ដោយសន្យាគាំទ្រជំនួយយោធាបន្ថែមទៀត សម្រាប់អ៊ុយក្រែន។RT