អឺរ៉ុប៖ ខ្សែប្រយុទ្ធ Erling Haaland រកគ្រាប់បាល់ទី១៩ និង២០ ក្នុងការបង្ហាញខ្លួន១៤ប្រកួតនៅ UEFA Champions League សម្រាប់ Borussia Dortmund ដែលបញ្ចប់លទ្ធផលជើងទី២ ដោយលទ្ធផល ២-២ ហើយឡើងទៅវគ្គបន្ទាប់ដោយលទ្ធផលសរុប ៥-៤។

កីឡាករវ័យ២០ឆ្នាំរូបនេះ រកគ្រាប់បាល់បើកឆាកនាំមុខឱ្យក្រុមអាល្លឺម៉ង់ Dortmund នៅនាទីទី៣៥ មុនពេលរកបានមួយគ្រាប់បន្ថែមទៀតពីការស៊ុតបាល់ពិន័យ១១ម៉ែត្រ។

ទោះយ៉ាងណាក្ដី Sevilla នៅតែរក្សាក្ដីសង្ឃឹមក្រោយ Youssef En-Nesyri វាយបកបានមួយគ្រាប់វិញដោយសារស៊ុតប៉េណាល់ទី និងរកបានមួយគ្រាប់ទៀតនៅចុងម៉ោង។ ក្រុមដឹកនាំដោយលោក Julen Lopetegui ត្រូវបានជម្រុះចេញពីការប្រកួតនេះ ហើយ Dortmund ឡើងទៅវគ្គ៨ក្រុមចុងក្រោយ។

ដោយឡែក ក្រុមសេះបង្កង់ Juventus វិញ ត្រូវហាលអាវត្រឹមវគ្គ១៦ក្រុមទល់នឹង Porto ដោយគ្រាប់បាល់ចំណេញក្រៅដី។ ក្រុមរបស់លោក Andrea Pirlo បានយកឈ្នះក្រុមមកពីព័រទុយហ្គាល់ ២-១ ពេលលេងពេញ៩០នាទីនៅជើងទី២ ដែលសរុបលទ្ធផលទាំងពីរជើងក្រុមទាំងពីរមានគ្រាប់បាល់ ៣-៣ ដូចគ្នាទើបពួកគេលេងនៅម៉ោងបន្ថែម ១៥នាទីពីរដង។

ទោះយ៉ាងណាក្ដី គ្រាប់បាល់ហ្វ្រីឃីគរបស់ Sergio Oliveira នៅនាទី១១៣ ទាមទារឱ្យ Juventus រកឱ្យបាន២គ្រាប់ដើម្បីឆ្លងផុតវគ្គ១៦ក្រុម តែគួរឱ្យសោកស្ដាយ ពួកគេរកបានតែមួយគ្រាប់ប៉ុណ្ណោះ ដោយខ្សែបម្រើ Adrien Rabiot ប៉ុន្ដែមិនគ្រប់គ្រាន់ឱ្យពួកគេ ឡើងទៅវគ្គ៨ក្រុមបាន។

សូមបញ្ជាក់ថា Juventus ត្រូវបានទម្លាក់ចេញពី Champions League វគ្គ១៦ក្រុមចុងក្រោយពីរដូវកាលជាប់គ្នា ដោយគ្រាប់បាល់ចំណេញក្រៅដីរបស់គូប្រកួតពួកគេ៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ