ក្រុងឡុង៖ ក្រុមបាល់ទាត់ជម្រើសជាតិអ៊ីតាលីបានគ្រងតំណែងជើងឯក EURO 2020 បន្ទាប់ពីយកឈ្នះអង់គ្លេស ដោយបាល់ប៉េណាល់ទីកាត់សេចក្ដី ក្រោយពីបញ្ចប់១២០នាទីដោយលទ្ធផល ១-១។
ខ្សែការពារ Luke Shaw រកគ្រាប់បាល់បញ្ចូលទីបើកឆាកសម្រាប់ក្រុមអង់គ្លេស ជាក្ដីសង្ឃឹមឈ្នះពានខ្នាតធំជាលើកដំបូង ចាប់តាំងពីខែកក្កដា ឆ្នាំ១៩៦៦មក ដោយកាលនោះក្រុមអង់គ្លេសឈ្នះពាន FIFA World Cup។
ទោះយ៉ាងណាក្ដី ក្រុមអ៊ីតាលីដែលរក្សាកំណត់ត្រាមិនបរាជ័យ៣៣ប្រកួត បានបន្ដក្ដីសង្ឃឹមរំកិលថែមមួយប្រកួតទៀត បន្ទាប់ពីខ្សែការពារ Leonardo Bonuci រកគ្រាប់បាល់តាមស្មើនៅនាទីទី៦៧។
លទ្ធផល១ទល់១បានរក្សាដល់ចប់៩០នាទីហើយក្រុមទាំងពីរនៅតែមិនមានឱកាសស៊ុតចូលគ្នាទោះថែមម៉ោង ១៥នាទីពីរលើក ទើបមានការស៊ុតប៉េណាល់ទីសម្រេចសេចក្ដី។
គួររម្លឹកថា ក្រុមអង់គ្លេសខកឱកាស៣លើក ក្នុងចំណោមការស៊ុតទាំង៥លើក ដោយ Marcus Rashford ស៊ុតប៉ះបង្គោលទី មុនពេលអ្នកចាំទី Gianluigi Donnarumma សង្គ្រោះបាល់ដែលស៊ុតពី Jadon Sancho និង Bukayo Saka៕