ក្រុងឡុងដ៍៖ ស្របពេលមានការគំរាមកំហែង ជាញឹកញាប់ពីក្រុងមូស្គូ អំពីលទ្ធភាព នៃការប្រើប្រាស់អាវុធមហាប្រល័យលោកនោះមក មហាអំណាចបស្ចិមលោក ចំនួន៣ប្រទេស បានបញ្ជូននាវាមុជទឹក បំពាក់ដោយនុយក្លេអ៊ែរ ជាច្រើនគឿងចេញ ចំពេលមានភាពតានតឹង កំពុងតែកើនឡើង រវាង អង្គការណាតូ និង រុស្ស៊ី។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Eurasian Times នៅថ្ងៃទី០២ ឧសភា ២០២២។

ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើង រវាង អង្គការណាតូ និង រុស្ស៊ី នោះ ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និង បារាំង បានបញ្ជូននាវាមុជទឹក បំពាក់ដោយនុយក្លេអ៊ែរ ទៅឈរជើង នៅក្នុងមូលដ្ឋានទ័ពជើងទឹករបស់ព្រះមហាក្សត្រិយានី Clyde ស្ថិតក្នុងទីក្រុងហ្វាស្លែន (Faslane ) ប្រទេសស្កុតឡែនដ៍ (Scotland) ។

រហូតមកដល់ពេលនេះ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និង បារាំង ហើយសម្ពន្ធមិត្ត បានផ្ដល់ជំនួយយោធាយ៉ាងច្រើន ដែលមានតម្លៃរាប់ពាន់លានដុល្លារ ជួយដល់ប្រទេសអ៊ុយក្រែន សម្រាប់ធ្វើជាមធ្យោបាយ វាយប្រហារ ទប់ទល់នឹងរុស្ស៊ី។ 

សកម្មភាពបែបនេះ បាន និងកំពុងតែរារាំងដល់មហិច្ឆតារបស់ក្រុងមូស្គូ នៅក្នុងការលេបត្របាក់ យកប្រទេសអ៊ុយក្រែន ទើបប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) ខឹងសម្បាយ៉ាងខ្លាំង ហើយគំរាមកំហែង អំពីលទ្ធភាព នៃការប្រើប្រាស់នុយក្លេអ៊ែរ។ 

លើសពីនេះទៅទៀត ប្រទេសមហាអំណាចលោកខាងលិច មិនឆ្លើយតបនឹងសង្គ្រាមវោហារសាស្រ្ដ តបតវិញនេះទេ តែអ្នកការទូតសហរដ្ឋអាមេរិក គ្រាន់តែបញ្ជាក់យ៉ាងខ្លីថា ក្រុងវ៉ាស៊ីនតោន បានត្រៀមលក្ខណៈរួចរាល់អស់ហើយ៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ