JAKARTA ៖ ក្រុមអ្នកមុជទឹករបស់កងទ័ពជើងទឹកឥណ្ឌូណេស៊ីបាននិងកំពុងស្វែងរកកំទេចកំទីយន្តហោះដែលកប់នៅភក់នៅបាតសមុទ្រកាលពីថ្ងៃអង្គារ ទី១២ មករា ដើម្បីស្វែងរកប្រអប់ខ្មៅនៃយន្ដហោះរបស់ក្រុមហ៊ុន Sriwijaya Air ដែលបានធ្លាក់ចូលទៅក្នុងសមុទ្រ Java Sea កាលពីចុងសប្តាហ៍ដោយមានមនុស្សចំនួន ៦២ នាក់នៅលើយន្តហោះ។

នាវាមួយគ្រឿងរបស់កងទ័ពជើងទឹកមុននេះបានប្រមូលយកសំនៅជាច្រើនដែលបញ្ចេញពីប្រអប់ដែលមានសំលេងកាប៊ីនយន្ដហោះនិងម៉ាស៊ីនថតទិន្នន័យនៃជើងហោះហើររបស់យន្ដហោះ ប៊ូអ៊ីង ៧៣៧-៥០០ ដែលបានធ្លាក់ចុះកាលពីថ្ងៃសៅរ៍បន្ទាប់ពីបានហោះចេញពីរដ្ឋធានីហ្សាកាតាដោយមានភ្លៀងធ្លាក់ខ្លាំង។

ក្រុមអ្នកមុជទឹកបានប្រើឧបករណ៍បច្ចេកវិទ្យាកំណត់ទីតាំងដើម្បីងាយស្រួលបង្រួមការរុករករបស់ពួកគេនៅក្រោមភក់បាតសមុទ្រ ២០ ម៉ែត្រ ប៉ុន្តែប្រអប់ខ្មៅត្រូវបានកប់នៅពីក្រោមវត្ថុមុតស្រួចបាក់បែករាប់តោន។ នេះបើតាមសំដីរបស់លោក Yudo Margono ប្រធានកងទ័ពជើងទឹក។ លោកបានបន្ថែមទៀតថាឧបសគ្គទាំងនោះមិនងាយស្រួលលើកឡើយពោលគឺត្រូវខិតខំប្រឹងប្រែងនិងចំនាយពេលយ៉ាងយឺតដើម្បីឈានដល់ឧបករណ៍។

រថយន្តដែលបើកប្រតិបត្តិការពីចម្ងាយត្រូវបានបញ្ជូនទៅទីតាំងប្រអប់ខ្មៅ ហើយលោកម៉ា Margono បាននិយាយថាយ៉ាងហោចណាស់អ្នកមុជទឹកចំនួន ១៦០ នាក់នឹងត្រូវបានដាក់ពង្រាយនៅថ្ងៃអង្គារដើម្បីជំរុញការស្វែងរកប្រអប់ខ្មៅ។ បុគ្គលិកជួយសង្គ្រោះជាង ៣.៦០០ នាក់ ឧទ្ធម្ភាគចក្រ ១៣ គ្រឿង នាវា ៥៤ គ្រឿង និងទូកតូចៗចំនួន ២០ បានចូលរួមក្នុងការស្វែងរកដែលបានរកឃើញផ្នែកខ្លះនៃយន្ដហោះនិងអដ្ឋិធាតុមនុស្សនៅក្នុងទឹកជម្រៅ ២៣ ម៉ែត្រ។

រហូតមកដល់ពេលនេះក្រុមអ្នករុករកបានបញ្ជូនកាបូបចំនួន ៧៤ ដែលមានផ្ទុកបំនែកសាកសពមនុស្សទៅឱ្យអ្នកជំនាញកំណត់អត្តសញ្ញាណរបស់ប៉ូលីសកាលពីថ្ងៃច័ន្ទបាននិយាយថាពួកគេបានកំណត់អត្តសញ្ញាណជនរងគ្រោះដំបូងគឺបុរសអាយុ ២៩ ឆ្នាំឈ្មោះ Okky Bisma ដែលជាអ្នកបម្រើតាមយន្តហោះ។ សមាជិកគ្រួសាររបស់សពបានផ្តល់គំរូសម្រាប់ការធ្វើតេស្ត៍ DNA ទៅប៉ូលីស ហើយលទ្ធផលរំពឹងទុកក្នុងរយៈពេលពី ៤ ទៅ ៨ ថ្ងៃទើបដឹង។ ចំនែកឯ គំរូ DNA ចំនួន ៥៣ ដ៏ទៃផ្សេងទៀតក៏ត្រូវបានប្រមូលសំរាប់ធ្វើតែសផងដែរ។

គួរបញ្ជាក់ថា ព័ត៌មានដែលមាននៅក្នុងប្រអប់ខ្មៅនឹងក្លាយជាគន្លឹះក្នុងការរៀនសូត្រពីបញ្ហាដែលនាំអោយធ្លាក់នៃយន្តហោះ SJ182 ។ ឧបករណ៍ដែលបានផ្តាច់ចេញពីកន្ទុយយន្តហោះនៅពេលវាធ្លាក់ ហើយការស្វែងរកពួកវាត្រូវបានប្រមូលផ្តុំនៅចន្លោះកោះ Lancang និងកោះ Laki ក្នុងខ្សែសង្វាក់កោះពាន់ (Thousand Island) នៅខាងជើងភាគខាងជើងនៃទីក្រុងចាកាតា។

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ