ក្រុងគៀវ៖ នៅក្នុងសង្គ្រាមវាយប្រហារគ្នាយ៉ាងសាហាវ អស់រយៈពេលជាង៤ខែកន្លងមកនេះ ទីភ្នាក់ងារចារកម្មយោធារបស់ចក្រភពអង់គ្លេស បានអះអាង នៅសប្ដាហ៍នេះ ថា អ៊ុយក្រែន បានបាញ់ពន្លិចនាវារបស់រុស្ស៊ី មួយគ្រឿងបន្ថែមទៀត ដោយប្រើប្រាស់មីស៊ីល ប្រឆាំងនឹងនាវា ទើបនឹងផ្គត់ផ្គង់ថ្មីពីលោកខាងលិច ប្រភេទ ហាភូន (Harpoon)។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន The Defense Post នៅថ្ងៃទី២៥ មិថុនា ២០២២។

នាវារបស់រុស្ស៊ី ឈ្មោះ ស្ប៉ាសាតែល វ៉ាស៊ីលី បែក (Spasatel Vasily Bekh) ត្រូវរាយការណ៍ថា កំពុងតែព្យាយាមបញ្ចេញគ្រឿងយុទ្ធោបករណ៍ និង កម្លាំងទ័ពបន្ថែម ទៅលើដែនដីយុទ្ធសាស្រ្ដរបស់អ៊ុយក្រែន។ 

នាវា ស្ប៉ាសាតែល វ៉ាស៊ីលី បែក  ត្រូវបានគេឃើញ មានផ្ទុកប្រព័ន្ធកាំជ្រួច ប្រឆាំងនឹងយន្តហោះ Tor-M2MK ប៉ុន្តែគេមិនបានបញ្ជាក់ ថាតើអាវុធទាំងនេះ ជាផ្នែកមួយ នៃប្រព័ន្ធការពាររបស់នាវា ឬត្រូវដឹកជញ្ជូន សម្រាប់ការគាំទ្រដល់កម្លាំងទាហានរុស្ស៊ី ដែលកំពុងតែឈ្លានពាន នៅលើទឹកដីរុស្ស៊ីឬយ៉ាងណានោះទេ។

បើតាមទីភ្នាក់ងារស៊ើបអង្កេតរបស់ចក្រភពអង់គ្លេស បានឲ្យដឹងថា ការលិចនាវា Spasatel Vasily Bekh នៅក្នុងសមុទ្រខ្មៅ ក៏ជាការវាយប្រហារ ប្រកបដោយជោគជ័យរបស់កងទ័ពក្រុងគៀវ ដោយបានប្រើប្រាស់មីស៊ីល ផ្គត់ផ្គង់ពីលោកខាងលិច។

បើតាមរបាយការណ៍ អះអាងទៀតថា ឧបទ្ទវហេតុនេះ បានបង្ហាញអំពីការលំបាក ដែលរុស្ស៊ី កំពុងតែប្រឈមមុខនឹងការផ្តល់ជំនួយផ្នែកដឹកជញ្ជូន ជួយដល់កងកម្លាំងរបស់ពួកគេ នៅលើកោះពស់ ស្ថិតនៅក្បែរទីក្រុងកំពង់ផែអូដេសសា (Odessa)៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ