Chelsea បានកក់កៅអីឡើងទៅវគ្គ៨ក្រុមចុងក្រោយ UCL ក្រោយយកឈ្នះ Atletico Madrid ទាំងពីរជើង ៣-០
អឺរ៉ុប៖ Chelsea បានកក់កៅអីឡើងទៅវគ្គ៨ក្រុមចុងក្រោយ UEFA Champions League ជាលើកដំបូងក្នុងរយៈពេល៧ឆ្នាំចុងក្រោយ បន្ទាប់ពីបានយកឈ្នះ Atletico Madrid ទាំងពីរជើងវគ្គ១៦ក្រុម ដោយសរុបលទ្ធផល ៣-០។
ក្រោយទទួលបានគ្រាប់បាល់ចំណេញនាំមុខក្រៅដី១គ្រាប់កាលពីជើងទី១ ក្រុមរបស់លោក Thomas Tuchel មានឱកាសរកគ្រាប់បាល់នាំមុខពីការស៊ុតបញ្ចូលទីដោយខ្សែបម្រើ Hakim Ziyech បន្ទាប់ពីមានការសហការគ្នាយ៉ាងល្អរវាង Kai Havertz និង Timo Werner។
ហើយមួយគ្រាប់នៅនាទី៩០+៤ ក្រោយប្ដូរចូលភ្លាមៗរបស់ Emerson Palmieri បានធានាឱកាសឱ្យក្រុមតោខៀវបានឈានទៅវគ្គ ១/៤ផ្ដាច់ព្រ័ត្រ Champions League ក្រោយខកខានអស់៧រដូវកាលកន្លងមក។
សូមបញ្ជាក់ថា Chelsea បានរក្សាកំណត់ត្រាមិនបរាជ័យ១៣ប្រកួតជាប់គ្នា ចាប់តាំងពីលោក Tuchel ចូលខ្លួនមកកាន់តំណែងជាអ្នកចាត់ការនៅទីនោះ។ ជ័យជម្នះរបស់ពួកគេមានន័យថា ក្រុមអង់គ្លេសទាំង៣(Liverpool, Manchester City និង Chelsea) ដែលលេងនៅវគ្គ១៦ក្រុម សុទ្ធតែឡើងទៅវគ្គបន្ទាប់៕