រដូវកាលក្រោយលែងមានពាក្យ Chevrolet លើអាវ Man Utd ទៀតហើយ ដោយប្តូរមកក្រុមហ៊ុនបច្ចេកវិទ្យា TeamViewer
អង់គ្លេស៖ តាមរបាយការណ៍ច្បាស់ការចុងក្រោយបានចុះផ្សាយថា ក្រុមបិសាចក្រហម Man Utd បានសម្រេចចុះហត្ថលេខាព្រមព្រៀងលើកុងត្រាជាមួយក្រុមហ៊ុនបច្ចេកវិទ្យា TeamViewer ជុំវិញការជាប់ឈ្មោះជាក្រុមហ៊ុនម្ចាស់ឧបត្ថម្ភលើអាវថ្មី។
ក្រុមហ៊ុនផលិតកម្មវិធី (Software) របស់អាល្លឺម៉ង់មួយនេះ បានព្រមផ្តល់ប្រាក់ ២៧៣ លានអឺរ៉ូលើរយៈពេល ៥ ឆ្នាំ សម្រាប់ក្រុម Man Utd ដែលវាជាទំហំថ្លៃផ្សព្វផ្សាយខ្ពស់បំផុតនៅប្រវត្តិសាស្ត្របាល់ទាត់ Premier League។
ចំពោះទំហំកិច្ចព្រមព្រៀងនេះ គឺស្មើគ្នានឹងអ្វីដែលក្រុមហ៊ុន Rakuten បានចំណាយឲ្យ Barcelona មុនផ្ទុះជំងឺរាត.ត្បាត COVID-19។
គួរបញ្ជាក់ថា TeamViewer គឺជាក្រុមហ៊ុនធំៗទី ៦ ដែលបានផ្សព្វផ្សាយលើអាវរបស់ក្រុម Man Utd បន្ទាប់ពីក្រុមហ៊ុន Sharp, Vodafone, AIG, Aon និង Chevrolet។ យើងនឹងរង់ចាំមើលថា ជាមួយប្រាក់ចំណូលខ្ទង់រយលានថ្មីនេះ តើ United នឹងបែងចែកលើការនាំយកកីឡាករថ្មីណាខ្លះ ឬទុកប៉ះប៉ូវថ្លៃពលកម្មបច្ចុប្បន្នបែបណាវិញ?