ប៉ារីស៖ ក្រសួងការពារជាតិបារាំង បាននិយាយថា បារាំង និងអ៊ីតាលី បានព្រមព្រៀងគ្នា ក្នុងការផ្តល់ប្រព័ន្ធមីស៊ីលបាញ់ពីដី ទៅកាន់ផ្ទៃអាកាសចល័តទៅឱ្យប្រទេសអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០៦ កុម្ភៈ ២០២៣។
ប្រព័ន្ធមីស៊ីលនេះ ត្រូវបានគេហៅឈ្មោះថា MAMBA ឬ SAMP/T គឺជា យានជំនិះបំពាក់មីស៊ីលរយៈចម្ងាយមធ្យម ដែលត្រូវបានរចនាឡើង ដើម្បីផ្តល់ការការពារពីការគំរាមកំហែងតាមដែនអាកាស ដូចជាមីស៊ីល និងយន្តហោះដ្រូនជាដើម។
ក្រសួងការពារជាតិបារាំង បានបញ្ជាក់ថា ប្រព័ន្ធមីស៊ីលដែលត្រូវបានអភិវឌ្ឍរួមគ្នា ដោយសមាជិកណាតូ គឺបារាំង និងអ៊ីតាលីនេះ នឹងជួយអ៊ុយក្រែនការពារខ្លួន ប្រឆាំងនឹងយន្តហោះដ្រូន គ្រាប់មីស៊ីល និងយន្តហោះចម្បាំង។
ការផ្តល់សព្វាវុធយោធាខាងលើនេះ គឺជាការឆ្លើយតបទៅនឹង សំណើបន្ទាន់មួយរបស់រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក អូឡិចស៊ី រ៉េសនីកូវ ដែលបានធ្វើឡើងទៅកាន់សមភាគីបារាំង និងអ៊ីតាលី ដើម្បីជួយ "ការការពារប្រជាជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធ ពីការវាយប្រហារតាមអាកាសរបស់រុស្ស៊ី៕