អឺរ៉ុប៖ Ferland Mendy ស៊ុតចូលកោងបញ្ចូលទីគ្រាប់បាល់ជ័យជម្នះតែមួយគ្រាប់គត់ ក្នុងការប្រកួតនៅទឹកដីរបស់ក្រុម Atalanta ដែលបញ្ចប់ក្នុងលទ្ធផល ០-១ នៅវគ្គ១៦ក្រុមចុងក្រោយជើងទី១ UEFA Champions League កាលពីយប់ថ្ងៃពុធ។

កីឡាករ Remo Freuler ទទួលបានកាតក្រហម នៅនាទីទី១៧ ក្រោយព្យាយាមរារាំងឱកាសរកគ្រាប់បាល់របស់ Mendy។ ក្រុមភ្ញៀវ Real Madrid ព្យាយាមដាក់សម្ពាធប៉ុន្ដែពិបាកក្នុងការបំបែករនាំងការពាររបស់ក្រុមម្ចាស់ផ្ទះ។

ទោះយ៉ាងណាក្ដី នៅនាទីទី៨៦ ខ្សែការពារបារាំង Mendy បានស៊ុតបាល់កោងបញ្ចូលទីក្រៅប្រអប់ បង្កើនភាពកក់ក្ដៅឱ្យក្រុមលោក Zinedine Zidane ពេលត្រលប់ទៅអេស្ប៉ាញវិញ។

ដោយឡែក ក្រុម Manchester City បានខិតកាន់តែកៀកឆ្ពោះទៅកាន់វគ្គ៨ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions Leaue ក្រោយពីបានយកឈ្នះលើក្រុម Borussia Moenchengladbach  ក្នុងលទ្ធផល ២-០ កាលពីថ្ងៃពុធ ប៉ុន្តែ លោកគ្រូបង្វឹក Pep Guardiola បានបញ្ជាក់ថា ក្រុមរបស់លោកនៅតែត្រូវការ «ភាពមុតស្រួចបន្ថែមទៀតក្នុងតំបន់ប្រយុទ្ធ»។

យ៉ាងណាមិញ គ្រាប់បាល់តែតបញ្ចូលទីនៅតង់ទី១ពីកីឡាករ Bernardo Silva និងគ្រាប់បាល់ស៊ុតបញ្ចូលទីរបស់ខ្សែប្រយុទ្ធ Gabriel Jesus នៅត់ទី២ ក្នុងការប្រកួតវគ្គ១៦ក្រុមចុងក្រោយ បានបន្តកំណត់ត្រាឈ្នះរបស់ក្រុមលោក Guardiola រហូតដល់ទៅ១៩ប្រកួត ក្នុងរាល់យុទ្ធនាការទាំងអស់។

គួរបញ្ជាក់ដែរថា Real Madrid នឹងស្វាគមន៍ក្រុមមកពីអ៊ីតាលី ក្នុងជំនួបជើងទី២នាថ្ងៃទី ១៦ ខែមីនា ខណៈដែល Manchester City នឹងបើកទ្វារកីឡាដ្ឋានទទួលក្រុម Moenchengladbach ក្នុងជំនួបជើងទី២ នាថ្ងៃទី ១៦ ខែមីនា៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ