អេស្ប៉ាញ ៖ Barcelona បានទម្លាក់ Sevilla ចេញពីការប្រកួត Copa del Rey វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្រោយយកឈ្នះ ៣-០ នៅម៉ោងបន្ថែមកាលពីយប់មិញនេះ ។

ខ្សែប្រយុទ្ធបារាំង Ousmane Dembele រកគ្រាប់បាល់បើកឆាកនាំមុខឱ្យក្រុមម្ចាស់ផ្ទះ Barcelona ដែលបរាជ័យជើងទី១ ២-០។ ក្រុមភ្ញៀវ Sevilla បានខកឱកាសរកគ្រាប់បាល់តាមស្មើ ក្រោយពេលខ្សែប្រយុទ្ធ Lucas Ocampos ស៊ុតប៉េណាល់ទីមិនបានសម្រេច។

ខ្សែបម្រើ Fernando របស់ Sevilla ត្រូវបានបណ្ដេញចេញពីទីលានប្រកួត មុនពេល Gerard Pique រកគ្រាប់បាល់បញ្ចូលទីនៅម៉ោងបន្ថែមបង្គ្រប់ ហើយ Martin Braitwaite តែតបញ្ចូលទីគ្រាប់បាល់ជ័យជម្នះនាំ Barcelona ឡើងទៅវគ្គផ្ដាច់ព្រ័ត្រ។

ក្រុមរបស់លោក Ronald Koeman នឹងរង់ចាំអ៊ុតលទ្ធផល ការប្រកួតរវាង Athletic Bilbao និង Levante ដើម្បីរកអ្នកឈ្នះឡើងទៅជួបពួកគេនៅវគ្គផ្ដាច់ព្រ័ត្រ ខណៈជើងទី១វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពីរក្រុមនេះបញ្ចប់ក្នុងលទ្ធផល ១-១៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ