(មានវីដេអូ) Juventus បរាជ័យជើងទី១ទល់នឹង Porto ក្រោយរបូតគ្រាប់បាល់ដើមតង់២លើក ខណៈ Haaland ស៊ុត២គ្រាប់ម្នាក់ឯង ជួយ Borussia Dortmund ឈ្នះ Sevilla ៣-២
(អឺរ៉ុប)៖ Porto រកគ្រាប់បាល់ដើមតង់ទាំង២គ្រាប់ ក្នុងការប្រកួតជ័យជម្នះ ២-១ លើ Juventus វគ្គ១៦ក្រុមចុងក្រោយជើងទី១ UEFA Champions League កាលពីយប់ថ្ងៃពុធកន្លងទៅនេះ។
Mehdi Taremi បានរកគ្រាប់បាល់បើកឆាកនាំមុខឱ្យ Porto បន្ទាប់ពីឆក់បាល់បានពីការបញ្ជូនមិនបានល្អរបស់ខ្សែបម្រើ Rodrigo Bentancur ក្រោយការប្រកួតបានចាប់ផ្ដើម៦០វិនាទី។
Juventus មានការគ្រប់គ្រងបាល់បានល្អ ប៉ុន្ដែពួកគេរបូតគ្រាប់បាល់ដើមតង់សារជាថ្មី ដោយ Moussa Marega រកបានមួយគ្រាប់បន្ថែមទៀតឱ្យក្រុមម្ចាស់ផ្ទះ Porto នៅពេលចាប់ផ្ដើមតង់ទី២ បាន១៩វិនាទី។ ហើយបានប៉ុន្មាននាទីក្រោយមកកីឡាករខ្សែបំរើ Federico Chiesa រកបានមួយគ្រាប់វិញនៅនាទីទី៨២។
ដោយឡែក ក្រុម Borussia Dortmund បានវាយបកដេញតាមពីក្រោយដើម្បីផ្តួលក្រុម Sevilla ក្នុងលទ្ធផល ៣-២ ក្នុងប្រទេសអេស្ប៉ាញ នាការប្រកួតជើទី១នៃក្របខ័ណ្ឌ Champions League វគ្គ១៦ក្រុមចុងក្រោយ កាលពីថ្ងៃអង្គារ។
យ៉ាងណាមិញ ខ្សែប្រយុទ្ធ Erling Braut Haaland បានបង្ហាញពីទម្រង់លេងដ៏មុតស្រួចមួយផ្សេងទៀត តាមរយៈការស៊ុតបាល់បញ្ចូលទី២គ្រាប់នៅតង់ទី២ ស្របពេលដែលនៅតែស្ថិតក្នុងវ័យ២០ឆ្នាំ រូបគេបានស៊ុតបាល់បញ្ចូលទី១៨គ្រាប់ ក្នុងការប្រកួតក្របខ័ណ្ឌ Champions League ១៣លើក បើគិតចាប់តាំងពីដើមរដូវកាលមុន។
គួរបញ្ជាក់ផងដែរថា Juventus នឹងស្វាគមន៍ក្រុមមកពីព័រទុយហ្កាល់ ក្នុងជំនួបជើងទី២នាថ្ងៃទី ៩ ខែមីនា ខណៈដែល Borussia Dortmund នឹងបើកទ្វារកីឡាដ្ឋានទទួលក្រុម Sevilla ក្នុងជំនួបជើងទី២ នាថ្ងៃទី ៩ ខែមីនា៕