ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានចេញសារសម្លេងជាបទបញ្ជា ឲ្យអភិបាលរាជធានី-ខេត្តទាំងអស់នៅទូទាំងប្រទេស ត្រួតពិនិត្យជាបន្ទាន់លើទីតាំងល្បែងផ្សងសំណាង ក្នុងករណីមានបន្តបើកថ្មីទៀត សូមចាត់វិធានការបិទជាបន្ទាន់ និងរាយការណ៍ផ្ទាល់ជូនសម្តេច។

តាមរយៈសារសំឡេង សម្តេចបានបញ្ជាក់ថា កាលពីថ្មីៗកន្លងទៅនេះ សម្តេចចេញបទបញ្ជារួចហើយ ឱ្យផ្អាកការចេញអាជ្ញាបណ្ណផ្តល់សិទ្ធិឱ្យមានការបើកល្បែងផ្សងសំណាង នៅតាមមូលដ្ឋាន ជាមួយគ្នានេះសម្តេចក៏បានឱ្យ គណៈកម្មាធិការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ចំណុះឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំប្រជុំជាបន្ទាន់ជាមួយអាជ្ញាធររាជធានីខេត្ត ដើម្បីពិនិត្យឡើងវិញនូវគោលការណ៍ និងវិធានការគ្រប់គ្រងល្បែងផ្សងសំណាងនានា នៅទូទាំងប្រទេសកម្ពុជា។

ជាមួយនឹងការបញ្ជាក់នេះ សម្តេចបានបន្ថែមដូច្នេះថា៖ «ខ្ញុំសូមឱ្យឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត ចាត់វិធានការជាបន្ទាន់នូវការត្រួតពិនិត្យល្បែងផ្សងសំណាងនៅតាមមូលដ្ឋាន ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ក្នុងករណីដែលមានបន្តបើកថ្មីថែមទៀតសូមចាត់វិធានការបិទជាបន្ទាន់ ហើយរាយការណ៍ត្រង់មកខ្ញុំ ដើម្បីចាត់វិធានការដើម្បីឈានទៅដកអាជ្ញាបណ្ណនៅក្នុងខេត្ត គឺនៅទូទាំងប្រទេសតែម្តង»។

សម្តេចបានលើកឡើងថា ពេលវេលានេះទៅមុខ គឺជាពេលវេលាដែលភាគីទាំងអស់ត្រូវចូលរួមទាំងអស់គ្នា អនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការបង្កើនការកសាងនិងពង្រាយសមិទ្ធផលវិជ្ជមាន ដូចជាហេដ្ឋារចនាសម្ព័ន្ធរូបវន្តផ្លូវថ្នល់ ភ្លើងប្រឡាយទឹក ពង្រាយមន្រ្តីកសិកម្ម នៅមូលដ្ឋាន បង្កើតរោងចក្រសហគ្រាស នៅតាមមូលដ្ឋាន ដើម្បីជួយបង្កើតការងារ និងចំណូលជូនដល់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន មិនមែនជាពេលវេលាដែលត្រូវយកចិត្តទុកដាក់ ពង្រាយទីតាំងល្បែងនោះទេ ទោះបីជាមានច្បាប់អនុញ្ញាតក៏ដោយ។

សម្តេចបានបញ្ជាក់ថា កម្ពុជាត្រូវការវិន័យក្នុងការដឹកនាំរដ្ឋ ហើយត្រូវរាយការណ៍ជូនសម្តេចវិញជាបន្ទាន់ជុំវិញវិធានការនេះ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ