ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ប្រកាសឧបត្ថម្ភថវិកាលើកទឹកចិត្ត ២លានរៀល ដល់នគរបាលខណ្ឌណា បង្ក្រាបបានបទល្មើសឆក់ ១ករណី
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានលើកទឹកចិត្តដល់អធិការដ្ឋាននគរបាលខណ្ឌទាំង១៤ បើបង្ក្រាបបទល្មើសឆក់បាន ១ករណី នឹងទទួលបានឧបត្ថម្ភថវិកា ២លានរៀល។
លោក ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានប្រកាសផ្ដល់ថវិកាបែបនេះ នាឱកាសអញ្ជើញជាអធិបតីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែងនាយនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជូនលោកវរសេនីយ៍ទោ ហួរ ម៉េងហួន ពីអធិការរងនគរបាលខណ្ឌទួលគោក ទៅជា អធិការនគរបាលខណ្ឌចំការមន និងកិច្ចប្រជុំបូកសរុបសភាពការណ៍ លទ្ធផលប្រតិបត្តិការបង្ក្រាប ប្រចាំខែមេសា និងលើកទិសដៅការងារ សម្រាប់ខែឧសភា ឆ្នាំ២០២៥ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥។
ពិធីនេះដែរមានការអញ្ជើញចូលរួមពីលោក-លោកស្រីស្នងការរង លោកអនុផែន លោក-លោកស្រីនាយការិយាល័យជំនាញ លោកអធិការនគរបាលខណ្ឌទាំង១៤ លោក-លោកស្រីអធិការរងខណ្ឌ លោក-លោកនាយរងការិយាល័យ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០៥ និងមន្រ្តីនគរបាលមួយចំនួនទៀតផងដែរ។
ជាមួយគ្នានេះដែរ លោក ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ចូលរួមអបអរសាទរចំពោះមន្រ្តីនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលទើបទទួលបានតែងតាំមុខតំណែងថ្មី ត្រូវយកចិត្តទុកដាក់ខិតខំប្រឹងប្រែងក្នុងការបំពេញភារកិច្ចចូលរួមការពារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព និងផ្តល់សេវាសាធារណៈដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យបានល្អប្រសើរ។
ទន្ទឹមនឹងនេះ លោកស្នងការ ក៏បានណែនាំដល់ការិយាល័យជំនាញ និងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ត្រូវបន្តខិតខំបំពេញភារកិច្ចឱ្យបានល្អប្រសើរថែមទៀត ជាពិសេសត្រូវបង្កើនការទប់ស្កាត់បញ្ហាក្មេងទំនើង ដែលបង្កអសន្តិសុខ ការទប់ស្កាត់និងបង្រ្កាបបទល្មើសគ្រឿងញៀន ការបង្រ្កាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ និងបន្តផ្សព្វផ្សាយការអនុវត្តគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព ដល់ប្រជាពលរដ្ឋ៕