តាកែវ ៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានធ្វើការណែនាំដល់ក្រុមយុវជនដែលបំពេញការងារជាអ្នកបង្កើតមាតិកាតាមបណ្តាញសង្គម ត្រូវតែមានការសិក្សានិងពិនិត្យខ្លឹមសារឲ្យបានច្បាស់លាស់មុននឹងផ្សព្វផ្សាយ ដើម្បីធានាថា មាតិកានោះមានក្រមសីលធម៌ វិជ្ជាជីវៈត្រឹមត្រូវ និងមិនប៉ះពាល់ដល់កិត្តិយស សេចក្ដីថ្លៃថ្នូររបស់អ្នកដទៃ ឬមុខមាត់ខេត្តឡើយ។

ការណែនាំនេះត្រូវបានធ្វើឡើងនៅក្នុងឱកាសដែល លោក អញ្ជើញចូលរួមបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៥-២០២៦ នៅវិទ្យាល័យជាស៊ីម ក្នុងក្រុងដូនកែវ នៅថ្ងៃចន្ទ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥។ លោក អភិបាលខេត្ត បានលើកឡើងថា ថ្មីៗនេះមានយុវជនម្នាក់បានបង្កើតមាតិកា ហើយបានបង្កការប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋ និងមុខមាត់របស់ខេត្តតាកែវទាំងមូល។ លោក ថា «ការផលិតមាតិកាដែលប៉ះពាល់ដល់មុខមាត់ខេត្តតាកែវ ជាពិសេសដល់ប្រជាពលរដ្ឋខេត្តតាកែវបែបនេះ គឺជាទង្វើខ្វះសីលធម៌ និងគ្មានវិជ្ជាជីវៈ ដែលធ្វើឲ្យប្រជាពលរដ្ឋមួយខេត្តតាកែវជាងមួយលាននាក់ ត្រូវបានគេរើសអើង»។

លោក  បានបន្តទៀតថា ករណីបង្កើតមាតិកាដែលប៉ះពាល់ដល់មុខមាត់ខេត្ត និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តតាកែវ គឺជាបញ្ហាដែលមិនអាចទទួលយកបានដាច់ខាត។

ជាមួយគ្នានេះដែរ លោក អភិបាលខេត្ត បានអំពាវនាវដល់យុវជនទាំងអស់ ជាពិសេសអ្នកបង្កើតមាតិកា ឱ្យចេះប្រើប្រាស់សេរីភាពនៃការបញ្ចេញមតិប្រកបដោយការទទួលខុសត្រូវខ្ពស់ គោរពតាមច្បាប់ និងមានក្រមសីលធម៌វិជ្ជាជីវៈល្អ ដើម្បីចូលរួមលើកកម្ពស់សេចក្តីថ្លៃថ្នូរនៅក្នុងសង្គមជាតិ ។

សូមបញ្ជាក់ថា យុវជនម្នាក់ដែលបង្កើតមាតិការធ្វើឱ្យប៉ះពាល់ដល់កិត្តយស និងសេចក្តីថ្លៃថ្នូរខេត្តតាកែវ ក៏ដូចជាប្រជាពលរដ្ឋក្នុងខេត្តតាកែវ ក្រសួងព័ត៌មាន និងស្នងការដ្ឋាននគរបាលខេត្តតាកែវ ដោយមានវិធានការម៉ឺងម៉ាត់ពីសំណាក់ លោក វ៉ី សំណាង អភិបាលខេត្ត ក៏បានកោះហៅយុវជនខាងលើនេះ មកធ្វើកិច្ចសន្យា និងអប់រំណែនាំ ទទួលស្គាល់កំហុសរួចរាល់ផងដែរ ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ