ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា ឈប់ចេញអាជ្ញាប័ណ្ណឲ្យក្រុមហ៊ុនរុករករ៉ែ នៅតំបន់ព្រៃឡង់ទៀតហើយ។ ការឲ្យដឹងនេះ ធ្វើឡើងក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ ២០២៣ និងលើកទិសដៅការងារឆ្នាំ ២០២៤។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កាលពីដើមខែវិច្ឆិកា ឆ្នាំ ២០២៣កន្លងទៅនេះ សម្ដេច បានឲ្យគោលការណ៍ឯកភាពទៅនឹងសំណើរបស់ក្រសួងរ៉ែ និងថាមពល នោះគឺឈប់ចេញអាជ្ញាប័ណ្ណរុករករ៉ែបន្ថែមទៀត នៅតំបន់ព្រៃឡង់។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «អាជ្ញាប័ណ្ណថ្មី រករ៉ែនៅទីនោះ គឺយើងមិនចេញឲ្យទៀតទេ អាជ្ញាប័ណ្ណដែលមានស្រាប់ គឺបន្តធ្វើទៅកន្លែងណាដែល ហើយខិតខំសិក្សានៅក្នុងការកាត់បន្ថយផ្ទៃដី ដែលសិក្សា ព្រោះពេលដែលយើងឲ្យអាជ្ញាប័ណ្ណមួយ ជួនកាលយើងឲ្យឧទាហរណ៍ថា ១០០ហិកតាដំបូង ដើម្បីគេយកទៅសិក្សា សិក្សាក្រោយមករកអត់អស់ទៅ ទម្រាំតែចូលទៅប្រហែលជាសល់ ៤ ទៅ ៥ហិកតា សម្រាប់ជាកន្លែងគោលដៅ»។

សម្ដេច នាយករដ្ឋមន្ត្រី បានណែនាំឲ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវសិក្សាអំពីការកំណត់នូវផ្ទៃដី ដែលអនុញ្ញាតឲ្យក្រុមហ៊ុនរុករករ៉ែ ធ្វើយ៉ាងណាកុំឲ្យមានទំហំធំពេក ដែលនាំឲ្យមានផលប៉ះពាល់ច្រើន។ ចំពោះក្រុមហ៊ុនរុករករ៉ែដែលមានស្រាប់ ក៏រាជរដ្ឋាភិបាលមិនអនុញ្ញាតឲ្យពង្រីកទៀតដែរ នៅតំបន់ព្រៃឡង់នោះ ហើយជាគោលការណ៍របស់រាជរដ្ឋាភិបាល៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ