ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានស្នើក្រសួងផែនការ ប្រែក្លាយទិន្នន័យជំរឿនសេដ្ឋកិច្ចនេះ ឱ្យទៅជាព័ត៌មានគ្រប់ជ្រុងជ្រោយ និងច្បាស់លាស់ តាមបែបវិទ្យាសាស្ត្រ តាមរយៈការប្រើប្រាស់វិធីសាស្ត្រសមស្រប នៃវិទ្យាសាស្ត្រស្ថិតិ។ 

នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្សព្វផ្សាយរបាយការណ៍ថ្នាក់ជាតិ ស្តីពី លទ្ធផលចុងក្រោយជំរឿនសេដ្ឋកិច្ច នៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២២ នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «សូមស្នើឱ្យក្រសួងផែនការ ប្រែក្លាយទិន្នន័យជំរឿនសេដ្ឋកិច្ចនេះ ឱ្យទៅជាព័ត៌មានគ្រប់ជ្រុងជ្រោយ និងច្បាស់លាស់តាមបែបវិទ្យាសាស្ត្រ តាមរយៈការប្រើប្រាស់វិធីសាស្ត្រសមស្រប នៃវិទ្យាសាស្ត្រស្ថិតិ ដើម្បីជាធាតុចូលរឹងមាំសម្រាប់គ្រប់ក្រសួង-ស្ថាប័ន ប្រើប្រាស់ក្នុងការងាររៀងៗខ្លួន ជាពិសេស សម្រាប់ការរៀបចំគោលនយោបាយដោយផ្អែកលើភស្តុតាង និងព័ត៌មាននេះ ខ្ញុំ សូមលើកទឹកចិត្តឱ្យផ្សព្វផ្សាយលទ្ធផលទាំងនេះ ឱ្យបានទូលំទូលាយដល់គ្រប់ ក្រសួង-ស្ថាប័នពាក់ព័ន្ធ»។

សម្ដេចធិបតី បន្ដថា ក្រសួងផែនការដែលមានវិទ្យាស្ថានជាតិស្ថិតិជាសេនាធិការ ត្រូវបន្តលើកកម្ពស់ ការងារជំរឿនសេដ្ឋកិច្ច និងការអង្កេតសំខាន់ៗពាក់ព័ន្ធនានា ដោយធានាឱ្យបាននូវការប្រមូល ទិន្នន័យដែលមានលក្ខណៈជាតំណាងពិតប្រាកដ នៃបញ្ហាដែលចង់សិក្សាស្វែងយល់ ដើម្បីជាប្រយោជន៍ និង ធាតុចូល សម្រាប់ការងារអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។ ដើម្បីធានាបាននូវភាពតំណាងល្អ, សំណាកគំរូត្រូវរៀបចំឱ្យបានល្អតាមលក្ខណៈវិទ្យាសាស្ត្រស្ថិតិ ដោយប្រើប្រាស់វិធីសាស្ត្រសំណាកគំរូសមស្រប។

សម្ដេចធិបតី បន្ថែមថា ក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវចូលរួមសហការជាមួយនឹងក្រសួងផែនការក្នុងការធ្វើជំរឿន និងការអង្កេតចាំបាច់នានា ដោយហេតុថា ក្រសួងផែនការ គឺជាស្ថាប័នរដ្ឋដែលមានជំនាញបច្ចេកទេសខ្ពស់ ទទួលបន្ទុកលើការងារប្រមូលទិន្នន័យ, ម្យ៉ាងដើម្បីលើកកម្ពស់ ការងារជំរឿនសង្គម-សេដ្ឋកិច្ចជារួម និង ម្យ៉ាងទៀត ដើម្បីជាធាតុចូលសម្រាប់គ្រប់ ក្រសួង-ស្ថាប័ន យកទៅអនុវត្តការងាររៀងៗខ្លួន។

សម្ដេចធិបតី បន្ដទៀតថា ក្រសួងផែនការ ត្រូវបន្តបង្កើនសមត្ថភាពមន្ត្រីរបស់ខ្លួនជាប្រចាំជាប់មិនដាច់សម្រាប់ ការងារអង្កេត និង ជំរឿនចាំបាច់នានា ព្រមទាំងការងារប្រែក្លាយទិន្នន័យឱ្យទៅជាព័ត៌មាន គ្រប់គ្រាន់សម្រាប់រាជរដ្ឋាភិបាលប្រើប្រាស់ទាន់ពេល។

សម្ដេចធិបតី បានឱ្យដឹងថា ក្រសួងផែនការ ត្រូវរៀបចំផែនការយុទ្ធសាស្ត្រសម្រាប់ទាក់ទាញ និងកៀរគរ ធនធានមនុស្សដែលមានទេពកោសល្យខ្ពស់ខាងផ្នែកស្ថិតិ និង ការវិភាគស្ថិតិ ទាំងក្នុងស្រុក និង ពីបរទេស សម្រាប់ការងារដ៏សំខាន់របស់ក្រសួង។ ជាមួយគ្នានេះ, ការធ្វើវិភាជន៍ឡើងវិញ នៃធនធានមនុស្សដែលមានស្រាប់ ឱ្យចំជំនាញ ឬ ក្បែរជំនាញឯកទេស នឹងជួយបង្កើនប្រសិទ្ធភាព និង ផលិតភាពការងារ។

សម្ដេចធិបតី បានឱ្យដឹងថា ដោយការប្រើប្រាស់ទិន្នន័យមានសារៈសំខាន់ចំពោះគ្រប់ការងារ និងគ្រប់វិស័យទាំងអស់, សម្តេច ស្នើឱ្យគ្រប់ក្រសួង-ស្ថាប័ន ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បណ្តុះបណ្តាលមន្ត្រីរបស់ខ្លួននូវចំណេះដឹងផ្នែកការប្រើប្រាស់ស្ថិតិ ដើម្បីធ្វើយ៉ាងណាឱ្យមន្ត្រីមានសមត្ថភាពសមរម្យក្នុង ការប្រើប្រាស់ស្ថិតិ និងរបកគំហើញ ពីការស្រាវជ្រាវតាមបែបវិទ្យាសាស្ត្រនានា សម្រាប់ការងាររៀងៗខ្លួន។

លើសពីនេះ សម្ដេច នាយករដ្ឋមន្ដ្រី ក៏ស្នើឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិនិត្យលទ្ធភាពបែងចែកធនធានថវិកាសម្រាប់វិនិយោគលើការបណ្តុះបណ្តាលធនធានមនុស្ស និង បង្កើនមូលធនមនុស្ស ដែលបានចង្អុលបង្ហាញនៅក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ និងសម្រាប់ការយោគលើឧបករណ៍បរិក្ខារបច្ចេកវិទ្យា សមស្របសម្រាប់ក្រសួងផែនការដើម្បីបង្កើនប្រសិទ្ធភាពនៃការអនុវត្តការងារ ក្នុងវិស័យស្ថិតិឱ្យមានប្រសិទ្ធភាពខ្ពស់, មានគុណភាពល្អ និង រហ័សទាន់ពេល៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ