សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ ឆ្នាំ២០២៩ កម្ពុជា នឹងស្វាគមន៍នាវាគ្រប់ប្រភេទ មកចូលចតកំពង់ផែកម្ពុជា
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅឆ្នាំ២០២៩ ខាងមុខនេះ កម្ពុជា នឹងស្វាគមន៍នាវាគ្រប់ប្រភេទពីបណ្ដាប្រទេសនានា ឱ្យចូលចតកំពង់ផែរបស់កម្ពុជា។
នាឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី១ ប្រវែង ៣៥០ម៉ែត្រ និងសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការគ្រឿងចក្រលើកដាក់ចល័តនៅគែមផែ ចំនួន ២គ្រឿង ក្រោមឥណទានសម្បទាន និងជំនួយឥតសំណងពីរដ្ឋាភិបាលជប៉ុន នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា ក្នុងឆ្នាំ២០២៩ នឹងមានការពង្រីកកំពង់ផែឱ្យមានជម្រៅទឹករហូតដល់ជាង ១៧ម៉ែត្រ ហើយទទួលកាប៉ាបានរហូតដល់ ១៦ម៉ឺនតោន ដែលមកពី ប្រទេសអាមេរិក អឺរ៉ុប ជាដើម ស្វាគមន៍មកកម្ពុជា។
សម្ដេច មានប្រសាសន៍ថា «ឆ្នាំ២០២៩ យើងនឹងធ្វើឱ្យផែរបស់យើង អាចស្វាគមន៍កាប៉ាគ្រប់ប្រភេទទាំងអស់ មកពីគ្រប់ប្រទេសទាំងអស់ ដឹកនាំទំនិញមកកម្ពុជា គឺស្វាគមន៍»។
លើសពីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើអនុរដ្ឋមន្ត្រីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន ជួយសម្របសម្រួលឱ្យមានកម្មវិធីផ្លាស់ប្ដូរបទពិសោធន៍រវាងមន្រ្ដីកម្ពុជា និងជប៉ុនលើកិច្ចការងារកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន ដើម្បីកម្ពុជាអាចទទួលបានបទពិសោធន៍បន្ថែមទៀត លើកិច្ចការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា៕