សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ ការធ្វើពាណិជ្ជកម្មរបស់ពិភពលោក នៅតាមផ្លូវទឹក នៅតែតួនាទីយ៉ាងសំខាន់
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ការធ្វើពាណិជ្ជកម្មរបស់ពិភពលោក មកដល់ម៉ោងនេះ គឺការធ្វើពាណិជ្ជកម្ម តាមផ្លូវទឹកនៅតែតួនាទីយ៉ាងសំខាន់។
នាឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី១ ប្រវែង ៣៥០ម៉ែត្រ និងសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការគ្រឿងចក្រលើកដាក់ចល័តនៅគែមផែ ចំនួន ២គ្រឿង ក្រោមឥណទានសម្បទាន និងជំនួយឥតសំណងពីរដ្ឋាភិបាលជប៉ុន នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ផែមានសារៈសំខាន់ណាស់ សម្រាប់តភ្ជាប់ការដឹកជ្ជូនទំនិញរវាងផ្លូវគោក និងផ្លូវទឹក និងការធ្វើពាណិជ្ជកម្មអន្តរជាតិ។
សម្ដេច មានប្រសាសន៍ថា «ពាណិជ្ជកម្មរបស់ពិភពលោក មកដល់ម៉ោងនេះ រាប់រយឆ្នាំ គឺការធ្វើពាណិជ្ជកម្ម តាមផ្លូវទឹកនៅតែតួនាទីយ៉ាងសំខាន់។ កាលពីពេលមុនផ្ដាច់មុខ គឺផ្លូវទឹកតែម្ដង ព្រោះថា ពេលមុនអត់យន្ដហោះទេ»។
សម្ដេច បន្ដថា បច្ចុប្បន្នមានការដឹកជញ្ជូន តាមផ្លូវអាកាសខ្លះៗ ប៉ុន្ដែទោះបីនេះយ៉ាងនេះក្ដី ក៏មិនជំនួសតាមផ្លូវទឹកដែរ។ តាមទន្ន័យរបស់កម្ពុជា ផ្លូវទឹកមានការចរាចរណ៍យ៉ាងច្រើន ទោះបីមានផ្លូវគោក ផ្លូវអាកាស។
ទន្ទឹមនឹងនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ទំនាក់ទំនងកម្ពុជា-ជប៉ុន មានលក្ខណៈពិសេសចំនួន ២ នោះគឺ ខួប ៧០ ឆ្នាំនៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន និងការលើកកម្ពស់ទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន ទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលជាទំនាក់ទំនងខ្ពស់បំផុត មិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រនៃទំនាក់ទំនងប្រទេសទាំងពីរ៕