ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា កម្ពុជា ប្រកាន់របបទីផ្សារសេរី និងសមាហណរកម្មក្នុងពិភពលោក ដូច្នេះកម្ពុជាត្រូវមានការប្រកួតប្រជែង ដោយមិនបានមកងាយស្រួលឡើយ។

នាឱកាសអញ្ជើញជាអធិបតីសម្ពោធទីតាំងសាកលវិទ្យាល័យជាតិគ្រប់គ្រង សាខាវាលស្បូវ និងប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា ការកសាងធនធានមនុស្ស នាពេលបច្ចុប្បន្ននេះ សម្រាប់ចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិនាថ្ងៃអនាគត។

សម្ដេច មានប្រសាន៍ថា «កម្ពុជា  យើងប្រកាន់របបទីផ្សារសេរី និងសមាហណរកម្ម នៅក្នុងពិភពលោក យើងត្រូវប្រកួតប្រជែង គេអត់ឲ្យយើងFree យើងចូលទៅក្នុងការចរចារពាណិជ្ជកម្ម សេរី គឺលុបចោល នូវវិធានការមួយចំនួនដើម្បីការពារខ្លួនយើង ការពារឧស្សាហកម្មផ្ទៃក្នុង ដើម្បីយើងប្រកួតប្រជែងស្មើភាពគ្នា ចឹងដើម្បីប្រកួតប្រជែងបាន យើងត្រូវការធនធានមនុស្ស ដែលអាចជំរុញសេដ្ឋកិច្ចយើង និងការប្រកួតប្រជែងបាន»។

សម្ដេច នាយករដ្ឋមន្ដ្រី បន្ដថា កម្ពុជា បានកសាងធនធានមនុស្សដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារ និងទិសដៅទៅថ្ងៃអនាគត។ សម្ដេច ថា ការកសាងធនធានមនុស្សរបស់កម្ពុជា គឺសំខាន់ណាស់ ដើម្បីអាចប្រកួតប្រជែងជាមួយពិភពលោក។

សម្ដេច ក៏បានបន្ថែមទៀតថា កម្ពុជាបានដាក់ទិសដៅខ្ពស់ គឺដើម្បីខិតខំឱ្យសម្រេចមហិច្ឆតារបស់ខ្លួន ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលកម្រិតខ្ពស់ នៅឆ្នាំ២០៥០៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ