ហាណូយ៖ បណ្តាក្រុមហ៊ុនដឹកជញ្ជូននៅវៀតណាមបានបង្កើនថ្លៃសេវាកម្ម ពី៥ទៅ១០ភាគរយ ក្រោយពេលតម្លៃប្រេងសាំងឡើងថ្លៃ ថ្មីៗនេះ។ នេះបើយោងតាមការចុះផ្សារដោយសារព័ត៌មាន VN express នៅថ្ងៃទី១៤ វិច្ឆិកា ២០២១។
ដោយមានរថយន្តសម្រាប់ជួល ៣០គ្រឿង ក្រុមហ៊ុន Hoang បានអះអាងថា ខ្លួនបានបង្កើនថ្លៃដឹកជញ្ជូន ១០ភាគរយ ដោយបញ្ជាក់ថា ក្រៅពីប្រេងសាំងឡើងថ្លៃនោះ ទំនិញផ្សេងៗទៀតក៏ឡើងថ្លៃដែរ ហើយតម្លៃជួសជុលថែទាំរថយន្តក៏ឡើងថ្លៃ។
នៅវៀតណាម តម្លៃសាំង លក់រាយក្នុង១លីត្រ គឺ១.១០ដុល្លារអាមេរិក ឬ ២៥០០០ដុង ជាការឡើងថ្លៃខ្លាំងលើដំបូង តាំងពីឆ្នាំ២០១៣មក។ ក្រុមហ៊ុនផ្សេងៗទៀត ក៏បានអះអាងពីការឡើងថ្លៃដឹកជញ្ជូន ព្រោះបញ្ហាប្រេងសាំងនេះដែរ ដូចជាក្រុមហ៊ុន Lam Vinh ជាដើម។
យ៉ាងណាមិញ លោក Bui Van Quan ប្រធានសមាគមដឹកជញ្ជូនទំនិញក្រុងហូជីមិញបានលើកឡើងថា សមាជិករបស់ខ្លួនបានដំណើរការសេវាកម្មត្រឹម៥០ភាគរយ ប៉ុណ្ណោះ ដោយលោកសង្ឃឹមថា រដ្ឋាភិបាលគួរដកឬកាត់បន្ថយ ការបង់ថ្លៃផ្សេងៗជូនរដ្ឋ សម្រាប់ក្រុមហ៊ុនដឹកជញ្ជូននានា ជាពិសេស ថ្លៃថែទាំផ្លូវ និងសេវា ហើយថ្លៃការពារបរិស្ថានដែលបន្ថែមលើថ្លៃប្រេងសាំងគួរតែកាត់បន្ថយដែរ៕