កម្ពុជា ស្វាគមន៍អាមេរិក មានបំណង់បណ្ដាក់ទុនវិនិយោគលើវិស័យកំពង់ផែ វិស័យហ្គាស និងវិស័យថាមពល
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានស្វាគមន៍ក្រុមហ៊ុនធុរកិច្ចអាមេរិក មានបំណងចង់បណ្តាក់ទុនវិនិយោគនៅកម្ពុជា ជាពិសេស វិស័យកំពង់ផែ និងវិស័យហ្គាស និងថាមពល (LPNG)។
នាឱកាសអញ្ជើញជួបពិភាក្សាការងារជាមួយ គណៈប្រតិភូសមាជិកសភាអាមេរិក ដឹកនាំដោយលោកស្រី Carol Miller នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ លោក ស៊ុន ចាន់ថុល បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល លើការវិនិយោគយ៉ាងច្រើនលើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសំខាន់ៗ រួមមាន៖ ការសាងសង់ព្រលានយន្តហោះថ្មី ចំនួន ៣តាម ស្តង់ដារអន្តរជាតិគឺអាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ អាកាសយានដ្ឋានអន្តរជាតិ សៀមរាប-អង្គរ អាកាសយានដ្ឋានអន្តរជាតិនៅកោះកុង ដើម្បីទទួលស្វាគមន៍ទេសចរណ៍ និងលើកកម្ពស់សេដ្ឋកិច្ច បន្ថែមទៀត។
លោកទេសរដ្ឋមន្ត្រី បានសម្ដែងនូវការស្វាគមន៍ចំពោះក្រុមហ៊ុនធុរកិច្ចរបស់សហរដ្ឋ អាមេរិកដែលមានបំណងចង់បណ្តាក់វិនិយោគនៅកម្ពុជា ជាពិសេសវិស័យកំពង់ផែ និងវិស័យហ្គាស និងថាមពល (LPNG) ហើយកម្ពុជាបើកចំហរ និងត្រៀមខ្លួនសម្របសម្រួលក្រុមហ៊ុនធុរកិច្ចសហអាមេរិក ដែលមកវិនិយោគនៅកម្ពុជា។
ជាមួយគ្នានោះដែរ គណៈប្រតិភូ បានចាប់អារម្មណ៍លើការរីកចម្រើនរបស់ព្រះរាជាណាចក្រកម្ពុជា ជាពិសេស ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងកំពង់ផែ ដែលខុសពីអ្វីដែលបានរំពឹងទុកមុន អញ្ជើញមកដល់កម្ពុជា និងបានគូសបញ្ជាក់អំពីបំណងក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិ ការល្អរវាងប្រទេសទាំងពីរ ជាពិសេសការពង្រីកពាណិជ្ជកម្ម និងការវិនិយោគលើវិស័យផ្សេងៗដូចជា៖ ហ្គាស និង ថាមពល(LPNG) និងការវិនិយោគលើវិស័យកំពង់ផែ៕EB