នាយករដ្ឋមន្ត្រីឥណ្ឌា លោក ម៉ូឌី ប្រាប់លោក ពូទីន ថា ឥឡូវនេះមិនមែនពេលវេលាសម្រាប់ធ្វើសង្គ្រាមទេ
សាម៉ាកាន់៖ នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី បានប្រាប់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅខាងក្រៅនៃកិច្ចប្រជុំកំពូលរបស់អង្គការសហប្រតិបត្តិការសៀងហៃ (SCO) នៅប្រទេសអ៊ូសបេគីស្ថាន ថា ឥឡូវនេះ មិនមែនជាពេលវេលាសម្រាប់ធ្វើសង្រ្គាមទេ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃទី១៧ កញ្ញា ២០២២។
ទីក្រុងញូដេលី និងទីក្រុងម៉ូស្គូមានទំនាក់ទំនងគ្នាដ៏យូរអង្វែងចាប់តាំងពីសង្គ្រាមត្រជាក់មក ហើយរុស្ស៊ីនៅតែជាប្រទេសផ្គត់ផ្គង់អាវុធធំបំផុតរបស់ឥណ្ឌា។ ប៉ុន្តែនៅក្នុងជំនួបទល់មុខគ្នាជាលើកដំបូងរបស់ពួកលោក ចាប់តាំងពីកងកម្លាំងរុស្ស៊ីចូលលុកលុយអ៊ុយក្រែនក្នុងខែកុម្ភៈមក លោក ម៉ូឌី បានប្រាប់លោក ពូទីន ថា ពេលវេលាថ្ងៃនេះ មិនមែនជាពេលវេលាសម្រាប់ធ្វើសង្គ្រាមទេ។ លោក ម៉ូឌី បន្ថែមថា ពួកលោកនឹងពិភាក្សាអំពីរបៀបឆ្ពោះទៅមុខលើវិថីសន្តិភាព។
ជាការឆ្លើយតប លោក ពូទីន បានប្រាប់លោក ម៉ូឌី ថា ខ្ញុំដឹងពីជំហររបស់អ្នកចំពោះជម្លោះនៅអ៊ុយក្រែន ទុក្ខកង្វល់របស់អ្នក យើងនឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីបញ្ចប់រឿងនេះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ លោក ពូទីន បានសង្កត់ធ្ងន់ថា មេដឹកនាំអ៊ុយក្រែនបានច្រានចោលការចរចា ប៉ុន្តែលោកថា រុស្ស៊ីចង់សម្រេចបាននូវគោលដៅរបស់ខ្លួន តាមមធ្យោបាយយោធានៅក្នុងសមរភូមិ។
គួរបញ្ជាក់ថា កិច្ចប្រជុំកំពូល SCO ធ្វើឡើងនៅពេលដែលកងកម្លាំងរុស្ស៊ីប្រឈមមុខនឹងការបរាជ័យក្នុងសមរភូមិនៅប្រទេសអ៊ុយក្រែន ហើយក៏តំណាងឱ្យឱកាសមួយសម្រាប់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ផងដែរ ដើម្បីបង្ហាញទៅកាន់ពិភពលោកថា ប្រទេសរបស់គាត់មិនឯកោទាំងស្រុងទេ ទោះបីជាមានការខិតខំប្រឹងប្រែងដាក់ទណ្ឌកម្មមិនធ្លាប់មានពីលោកខាងលិចក៏ដោយ៕RT